ភ្នំពេញ ៖ កម្លាំងនគរបាលជាតិបានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញឿនយ៉ាងសកម្ម បើទោះបីជាទើបតែបញ្ចប់ភាពនឿយហត់ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន៦១ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៥៧នាក់។

លោកបានឱ្យដឹងទៀតថា ក្នុងចំណោមករណីសរុបខាងលើនេះ នៅរាជធានីភ្នំពេញមានចំនួន១៣ករណី ជនល្មើស១៧នាក់ ខេត្តកណ្ដាលមាន២ករណី ជនល្មើស២នាក់ បាត់ដំបងមាន៦ករណី ជនល្មើស១៣នាក់ សៀមរាបមាន៥ករណី ជនល្មើស៣៣ បន្ទាយមានជ័យ មាន៩ករណី ជនល្មើស៣៤នាក់ មណ្ឌលគិរីមាន១ករណី ជនល្មើស៣នាក់ និងកំពង់ស្ពឺមាន៣ករណី ជនល្មើស១០នាក់។

ចំណែក ខេត្តព្រះសីហនុមាន១២ករណី ជនល្មើស២៤នាក់ តាកែវមាន៣ករណី ជនល្មើស៤នាក់ កំពង់ចាមមាន១ករណី ជនល្មើស១នាក់ ស្វាយរៀងមាន១ករណី ជនល្មើស៤នាក់ ត្បូងឃ្មុំមាន១ករណី ជនល្មើស២នាក់ កោះកុងមាន២ករណី ជនល្មើស២នាក់ ពោធិ៍សាត់មាន២ករណី ជនល្មើស៥នាក់ និងបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀនមាន២ករណី ជនល្មើស៣នាក់។ នេះបើតាមអ្នកនាំពាក្យរងដដែល។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាការងារអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដៅយកចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ សូម្បីតែមន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ក៏ត្រូវបានអនុវត្តការធ្វើតេស្តរកសារធាតុញៀនដែរ។ មន្រ្តីរកឃើញប្រើប្រាស់គ្រឿងញៀន ត្រូវបានបណ្ដេញចេញពីក្របខណ្ឌជាបន្តបន្ទាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ