សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយដ៏ធំសម្បើមមួយ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់។
កញ្ចប់ថវិកាខាងលើមានទំហំសរុបរហូតដល់ ៩៥ពាន់លានដុល្លារ ខណៈព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនឹងត្រូវធ្វើការបោះឆ្នោតសម្រេចចំពោះកញ្ចប់ថវិកានោះនៅអំឡុងសប្តាហ៍ក្រោយ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាជាផ្លួវការ។ ក្នុងចំណោមថវិកាជំនួយជិត១០០ពាន់លានដុល្លារនោះ ប្រមាណ៦០.៨៤ពាន់លានដុល្លារ នឹងត្រូវផ្តោតទៅលើវិបត្តិសង្រ្គាមនៅអ៊ុយក្រែនជាចម្បង ក្នុងនោះ២៣ពាន់លានដុល្លារ សម្រាប់បំពេញអាវុធក្នុងស្តុករបស់យោធាអាមេរិកឡើងវិញ, ២៦ពាន់លានដុល្លារសម្រាប់វិបត្តិសង្រ្គាមអ៉ីស្រាអែល ក្នុងនោះ៩.‌១ពាន់លានដុល្លារ សម្រាប់តម្រូវការផ្នែកមនុស្សធម៌, និង៨.១២ពាន់លានដុល្លារ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ក្នុងនោះរួមមានទាំងសម្រាប់កោះតៃវ៉ាន់ផងដែរ។
ទីក្រុងវ៉ាស៉ីនតោនគឺជាអ្នកគាំទ្រសព្វាវុធធំបំផុតរបស់ទីក្រុងកៀវ នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើងចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក ប៉ុន្តែសភាអាមេរិក មិនបានអនុម័តកញ្ចប់ថវិកាជំនួយ ទ្រង់ទ្រាយធំណាមួយឡើយ សម្រាប់អ៊ុយក្រែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២២មក ដោយសារបញ្ហាខ្វែងគំនិតគ្នារវាងបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខសម្តែងការអរគុណ ខណៈកន្លងមកនេះ រូបលោកបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ នោះប្រទេសរបស់លោកនឹងចាញ់សង្រ្គាមមិនខាន៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *