ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អញ្ជើញជួបពិភាក្សាទ្វេភាគី ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានសម្តែងការអរគុណចំពោះលោក វ៉ាង យី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាកិត្តិយសបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ក្នុងពេលលោក វ៉ាង យី ឆ្លៀតពេលដ៏មមាញឹកបំពេញបេសកកម្មរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះលោក វ៉ាង យី ដែលតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំការបំពេញទស្សនកិច្ចមកកាន់កម្ពុជា ដែលគិតមកទល់ពេលនេះ លោក វ៉ាង យី បានបំពេញទស្សនកិច្ចផ្លូវការចំនួន៨លើកហើយ ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យជាមិត្តភាពដែកថែបដ៏យូរអង្វែង។
នាឱកាសនោះ លោក វ៉ាង យី បានលើកឡើងថា ទោះបីអាកាសធាតុប្រែប្រួលកម្តៅឡើងខ្លាំងក្តី ប៉ុន្តែបញ្ហានេះមិនមែនជាឧបសគ្គសម្រាប់ទំនាក់ទំនងកម្ពុជា-ចិននោះទេ ដោយប្រមុខការទូតចិន បានប្រដូចន័យទៅលើទំនាក់ទំនងប្រទេសទាំងពីរថា មានកម្តៅខ្លាំងជាងអាកាសធាតុទៅទៀត។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រម ទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)៕