ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ពីបទប្រើប្រាស់អាវុធខុសច្បាប់។

មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាល រតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទ ប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជន សង្ស័យលួចបាញ់ក្របីរបស់ខ្លួនងាប់នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុស អាយុ ៥៤ឆ្នាំរស់នៅភូមិ-ឃុំ ជាមួយគ្នា កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរតនៈ បានស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សីឈានទៅដល់ការកំណត់មុខសញ្ញា ឈ្មោះ ហេង ចេតនា ហៅចែត រស់នៅភូមិ ឃុំកើតហេតុ មកសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើសត្វក្របីចំនួន ២ក្បាល បណ្តាលឲ្យងាប់នៅលើចំការរបស់ខ្លួនចំនួន ១ ក្បាល និងចំនួន ១ក្បាលទៀតរត់ចេញទៅក្រៅ។ ក្រោយ ពីធ្វើសកម្មភាពរួចខ្លួនបានយកអាវុធទៅលាក់ទុកក្រោម គ្រែក្នុងផ្ទះរបស់ខ្លួន។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ដោយការខឹងក្របីចេះតែចូលស៊ីដំណាំក្នុងចម្ការរបស់ខ្លួន ហើយប្រាប់ម្ចាស់សត្វមិនព្រមចងសត្វឱ្យបានត្រឹមត្រូវ ទើបខ្លួនបាញ់សម្លាប់ក្របីតែម្ដង។

ក្រោយពីបានទទួលចម្លើយសារភាព នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំជនសង្ស័យទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ១ដើម និងបង់ចំនួន២ យកមកបំពេញនិតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សុំអំពាវនាវដល់ម្ចាស់សត្វពាហនៈទាំងអស់ ឲ្យមានភាពទទួលខុសត្រូវ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ជៀសវាងមានបាតុភាពដូចខាងលើនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *