ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គិតចាប់ពីថ្ងៃប្រកាសរហូតមកដល់ថ្ងៃនេះ មានចំនួន ៧០ថ្ងៃគត់ ដែលបានធ្វើកិច្ចការងារជាច្រើនជុំវិញបញ្ហាបឹងទន្លេសាបមានក្រុមការងារចម្រុះ ដូចជាក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនបានរួមសហការជាមួយមន្ត្រីអាជ្ញាធរខេត្តមួយចំនួន បានស្រុះគ្នាចុះធ្វើការជាបន្តបន្ទាប់ ដែលការងារខ្លះបានបង្ហោះផ្សព្វផ្សាយ និងការងារខ្លះត្រូវចុះជាប់ជាប្រចាំដោយមិនបានបង្ហោះផ្សព្វផ្សាយជាសាធារណៈបាននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នោក្នុងរយៈពេល ៧០ថ្ងៃនេះ គឺបានសម្រេចការងារច្រើន លាយឡំគ្នា តែការងារភាគច្រើនដែលក្រុមការងារចម្រុះ បានអនុវត្តដោយផ្ទាល់មូលដ្ឋានរួមមាន៖

១- ការផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធក្នុងតំបន់ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នផែនទីឡើងវិញ ដោយកំណត់តំបន់១, ២ និង៣ ស្ថិតនៅចំណុចណាមួយ និងតំបន់ណាដែលអាចត្រូវកាត់ឆ្វៀល ។

២- ការរៀបចំបោះបង្គោលកំណត់ព្រំដី ដែលបានរាជរដ្ឋាភិបាល បានអនុម័តថវិកាចំនួន ៤លានដុល្លារ ជាជំហានមួយសម្រេចក្នុងបោះបង្គោល ដោយចាប់ផ្តើមបណ្តើរៗហើយ ដើម្បីបង្កាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ បឹងបួ នៅទូទាំងប្រទេស ។ 

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងារចម្រុះដែលដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារជាបន្តបន្ទាប់ដូចជា បានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប, បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, រៀបចំបោះបង្គោលកំណត់ព្រំ និងសហការរៀបចំចុះបញ្ជី នៅតំបន់ទន្លេសាបផងដែរ។

សម្តេចបញ្ជាក់ទៀតថា នៅពេលជាមួយគ្នានេះ ការចុះកំណត់ព្រំឱ្យបានច្បាស់លាស់នៅតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបនេះ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញទន្លេសាប ក៏បានចាត់វិធានការទប់ស្កាត់នូវការទន្ទ្រានផ្សេងៗ ដែលថ្មីៗនេះក៏មានការចាប់ខ្លួនមន្ត្រី និងឈ្មួញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

សម្តេចសង្កត់ធ្ងន់ថា កិច្ចការការពារដីអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេស។

សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមក្នុងការអភិរក្សបឹងទន្លេសាប ដោយទទួលបានលទ្ធផលល្អ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ