ខេត្ត​បន្ទាយមានជ័យ​៖​ ដូចពាក្យស្លោកថា​ ឈាមស្រែកស្បែកហៅ​ ឃាតក​ម្នាក់​ បានធ្វេីសកម្មភាព​បាញ់សម្លាប់ជនរងគ្រោះម្នាក់រួចប្លន់យកប្រាក់​ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហេីយបានព្យាយាមរត់គេចខ្លួន​០២ថ្ងៃក្រោយ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​បន្ទាយមានជ័យ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤។
របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២៤​ចន្លោះម៉ោង២០​ ទៅម៉ោង២១យប់​ មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា(ប្រើប្រាស់អាវុធកែច្នៃបាញ់សម្លាប់ជនរងគ្រោះយកប្រាក់)នៅចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវនឹងបានបំភ្លឺឈ្មោះរុន ចាន់ធីម ភេទស្រីអាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា:មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះបានដើរលបមកសំងំចាំមុខទ្វារផ្ទះ (ទ្វារក្រោយ)ហើយបាញ់សម្លាប់ប្ដីរបស់ខ្លួនឈ្មោះ ឌី សៀងហៃ អាយុ៣៨ឆ្នាំ ខណៈដែលប្ដីរបស់ខ្លួនបានទៅអើតមើលទ្វារក្រោយ បន្ទាប់មកជននោះក៏បានស្ទុះឡើងមកក្នុងផ្ទះតាមទ្វារក្រោយដដែលដោយកាន់ជាប់ដៃមកនូវអាវុធកែច្នៃដងឈើដោយមានស្ពាយសម្ភារ:ជាប់ខ្លួនរយីងរយោងដូចជាពិលកែវឆ្លុះនឹងពីដុងទឹកជាដើម ដោយខ្លួនចាំច្បាស់ថាជននោះបានពាក់ទ្រនាប់ជើងប៉ាតាចងខ្សែពណ៌កាហ្វេ ហើយបានសម្លុតខ្លួនយកកាបូបប្រាក់ដោយក្នុងកាបូបនោះមានប្រាក់ខ្មែរចំនួន៣០ម៉ឺនរៀលគត់ ហើយជននោះបានលោតចេញតាមទ្វារក្រោយគេចខ្លួនបាត់ទៅ។ ​
បន្ទាប់ពីបានបំភ្លឺប្រពន្ធជនរងគ្រោះចប់យើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៣១.០៣.២០២៤ ដោយមានការចង្អុលបង្ហាញពីឈ្មោះ រុន ចាន់ធីម ភេទស្រីអាយុ៤៤ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះ នឹងមានការចង្អុលបង្ហាញពីសាក្សីប្រជាពលរដ្ឋ,ប្រជាការពារ​ នឹងលោកមេភូមិនិងមានរបាយការណ៍របស់លោកមេភូមិភ្ជាប់មកជាមួយស្រាប់យើងបាននាំខ្លួនឈ្មោះ ខន មិត្ត ភេទប្រុសអាយុ៤១ឆ្នាំមកធ្វើការសាកសួរនិងបន្តស្រាវជ្រាវឆែកឆេររកឃើញបំណែកអាវុធកែច្នៃមាន(កាណុងដែកនិងបំណែកដងឈើនៃអាវុធកែច្នៃ)និងរកឃើញទ្រនាប់ជើងដែលមានភិនភាគតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះដែលឈ្មោះខន មិត្ត កំពុងពាក់ជាប់នៅជើង។
បន្ទាប់មកកម្លាំងជំនាញ​ បានធ្វើការឃាត់ខ្លួនឈ្មោះខន.មិត្ត ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិម៉ក់ហឺន.ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ នៅវេលាម៉ោង១០និង៤៣នាទីនាថ្ងៃទី០១​ ខែមេសា​ ឆ្នាំ​២០២៤​ តាមបញ្ជារបស់លោក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។​
បច្ចុប្បន្នជនសង្ស័យខាងលើនេះ​ នៅព្រឹកថ្ងៃ​ទី​០២​ ខែមេសា​នេះ​ កម្លាំង​ជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅអយ្យការបន្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *