ប្រទេសចិនគឺជាគោលដៅនាំចេញស្រាកំពូលរបស់អូស្ត្រាលីក្នុងឆ្នាំ២០១៩ ដែលមានទំហំលក់ចំនួន ១,១ពាន់លានដុល្លារអូស្ត្រាលី (៧១៨លានដុល្លារអាមេរិក)។
ក្រោយទំនាក់ទំនងល្អប្រសើរឡើងវិញ រដ្ឋាភិបាលទីក្រុងប៉េកាំង បានលុបចោលពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងការឧបត្ថម្ភធនលើស្រាអូស្ត្រាលី ដែលជាសញ្ញានៃការបញ្ចប់យុទ្ធនាការរយៈពេលបីឆ្នាំ ក្នុងការដាក់សម្ពាធពាណិជ្ជកម្មលើទីក្រុងកង់បេរ៉ា និងបង្កើនក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញនៃឧស្សាហកម្មស្រាអូស្រ្តាលី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ពន្ធពិន័យទាំងនេះ ដែលមានរហូតដល់ ២១៨% ត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២១ ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison អំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ រកប្រភពដើមនៃការចម្លងជំងឺកូវីដ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងក្នុងទីក្រុងប៉េកាំងថា ការលុបចោលពន្ធទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។
ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដោយសារស្ថានភាពនៅក្នុងទីផ្សារស្រារបស់ប្រទេសចិនបានផ្លាស់ប្តូរពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធន ដែលបានដាក់លើស្រាដែលនាំចូលពីប្រទេសអូស្ត្រាលី លែងចាំបាច់ទៀតហើយ»។
ឧស្សាហកម្មស្រារបស់អូស្ត្រាលី បានទន្ទឹងរង់ចាំសេចក្តីប្រកាសនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីក្រុមហ៊ុនផលិតស្រា និងសមាជិកសភាមួយចំនួនបាននិយាយថា ប្រទេសចិនបានផ្តល់អនុសាសន៍បណ្តោះអាសន្នអំពីការលុបចោលពន្ធគយនាំចូលទាំងនេះ។
សេចក្តីសម្រេចលុបចោល វិធានការទប់ស្កាត់ពាណិជ្ជកម្មនេះ បានបង្កើនក្តីសង្ឃឹមក្នុងការស្តារពាណិជ្ជកម្មស្រា ដែលទទួលបានប្រាក់ចំណេញរវាងប្រទេសទាំងពីរឡើងវិញ។ ទោះយ៉ាងណា ប្រធានក្រុមប្រឹក្សាជាតិធុរកិច្ចអូស្ត្រាលី-ចិន បានព្រមានកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតស្រាប្រហែលជាមិនវិលត្រលប់ទៅកាន់ទីផ្សារចិនវិញ ពេញលេញទេ។
លោក David Olsson ប្រធានក្រុមប្រឹក្សាជាតិធុរកិច្ចអូស្ត្រាលី-ចិនបានប្រាប់ទូរទស្សន៍ Bloomberg ថា៖ «យើងរំពឹងថានឹងឃើញសមាមាត្រស្រាដ៏ច្រើនដែលវិលត្រលប់មកប្រទេសចិនវិញ ប៉ុន្តែមិនមែនទាំងអស់នោះទេ»៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *