ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់កងកម្លាំងប្រតិបត្តិច្បាប់ទាំងអស់ ដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ​ នៅពេលរាត្រី ក្រោយលោកទទួលបានសំណូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។
ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវបទបញ្ជា បន្ថែមចំនួន៣ចំណុច ពាក់ព័ន្ធការត្រួតពិនិត្យជាតិអាល់កុលនៅពេលរាត្រី ក្នុងរាជធានីភ្នំពេញ រួមមាន៖
*ទី១៖ ប្រសិនបើស្ថានភាពអ្នកបើកបរមិនមានជាតិស្រវឹង ពុំចាំបាច់សួរនាំយកឯកសារពាក់ព័ន្ធនោះទេជាដាច់ខាត (ប័ណ្ណបើកបរ, កាតគ្រីឡាន…)
*ទី២៖ ហាមដាច់ខាតការត្រួតពិនិត្យជាតិស្រវឹង លើអ្នករួមដំណើរ (មិនមែនអ្នកបើកបរ)
*ទី៣៖ ប្រសិនបើរថយន្ដធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារ ដោយមានទាំងមនុស្សចាស់ ឬកូនតូចៗ មិនចាំបាច់ត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរនោះទេ។
ចំពោះ​ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រោយលោកទទួលបាននូវមតិរបស់សាធារណៈជនជាបន្ដបន្ទាប់ ពាក់ព័ន្ធការអនុវត្តយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅពេលយប់ក្នុងរាជធានីភ្នំពេញ មានគោលដៅខ្លះអនុវត្តលើសពីអ្វីដែលលោកបានណែនាំនាពេលកន្លងមក និងជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
គួរជម្រាបជូនថា​ កន្លងទៅនេះ មានគោលដៅត្រួតពិនិត្យជាតិស្រវឹងមួយចំនួនហាក់អនុវត្តខុសពីការណែនាំប្រាកដមែន ពោលគឺនៅពេលត្រួតពិនិត្យទៅអ្នកបើកបរមិនមានជាតិស្រវឹង មន្ដ្រីអនុវត្តច្បាប់ចាប់ផ្ដើមសួររកឯកសារពាក់ព័ន្ធ ដូចជាប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់យានយន្ដ (កាតគ្រី) ជាដើម។ ករណីខ្លះទៀត មន្ដ្រីនគរបាលបានត្រួតពិនិត្យជាតិស្រវឹងលើអ្នករួមដំណើរ (មិនមែនអ្នកបើកបរ) ថែមទៀតផង និងមានខ្លះទៀត រថយន្ដដែលជិះជាលក្ខណៈគ្រួសារមានចាស់ មានកូនតូច ក៏ហៅចូលដើម្បីត្រួតពិនិត្យដូចគ្នា។
ជុំវិញបញ្ហានេះដែរ​ គេសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទបញ្ជាជាថ្មីរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មន្ដ្រីនគរបាលទាំងអស់​ នឹងអនុវត្តប្រកបដោយការទទួលខុសត្រូវ ព្រោះលោកបានបញ្ជាក់ទៀតថា ប្រសិនបើមានភាពអសកម្មនៅគោលដៅណាមួយនោះ មន្ដ្រីទាំងអស់នោះនឹងទទួលខុសត្រូវដោយគ្មានការលើកលែងឡើយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ