មានមនុស្សជាង១ពាន់លាននាក់ហើយមានជំងឺធាត់ជ្រុល ក្នុងនោះមានជាង ៦៥០លាននាក់ ជាមនុស្សពេញវ័យ និងមនុស្សវ័យជំទង់ជាង៣៤០លាននាក់ ក្រៅពីនេះនៅមានកុមារ ៣៩លាននាក់ផងដែរ។
សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បានដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវមួយដោយទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានរកឃើញថា សព្វថ្ងៃនេះ មនុស្សសរុបច្រើនជាង១ពាន់លាននាក់ហើយ នៅជុំវិញពិភពលោក ដែលកំពុងកើតជំងឺធាត់ជ្រុល ឬ obesity ដោយតួលេខនេះ បានកើនឡើង៤ដង បើធៀបទៅនឹងកាលពីឆ្នាំ១៩៩០។
ការសិក្សាខាងលើដែលធ្វើឡើង ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កាលពីឆ្នាំ១៩៩០ គឺមនុស្សពេញវ័យ វ័យជំទង់ និងកុមារ ដែលកើតជំងឺធាត់ជ្រុល មានចំនួនប្រហែល២២៦លាននាក់ ខណៈតួលេខនេះបានកើនដល់ ១,០៣៨លាននាក់នៅឆ្នាំ២០២២។ ស្របពេលក្រុមគ្រូពេទ្យដឹងថាចំនួនអ្នកកើតជំងឺធាត់ជ្រុលមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏កន្លងមកចំនួនលើស១ពាន់លាននាក់នេះ ត្រូវបានគេរំពឹងថា ទាល់តែនៅឆ្នាំ២០៣០ឯណោះ ទើបកើនដល់។
ក្រុមអ្នកស្រាវជ្រាវបានវិភាគទៅលើរង្វាស់ទម្ងន់និងកម្ពស់របស់មនុស្សជាង២២០លាននាក់នៅតាមប្រទេសសរុបលើស១៩០ មុនឈានដល់ការសន្និដ្ឋានខាងលើ។ ពួកគេបានប៉ាន់ស្មានថា ស្រ្តីពេញវ័យចំនួន៥០៤លាននាក់ និងបុរសពេញវ័យ៣៧៤លាននាក់បានកើតជំងឺធាត់កាលពីឆ្នាំ២០២២ ដោយអត្រាកើតជំងឺនេះបានកើនជិត៣ដង សម្រាប់បុរស គឺ១៤ភាគរយ គិតចាប់តាំងពីឆ្នាំ១៩៩០ ហើយកើនជាងទ្វេដង សម្រាប់ស្រ្តី គឺ១៨.៥ភាគរយ។ ក្នុងឆ្នាំដដែលនោះ កុមារនិងក្មេងវ័យជំទង់ប្រមាណ១៥៩លាននាក់ ក៏បានស្ថិតក្នុងស្ថានភាពធាត់ជ្រុលផងដែរ ដែលកើនពីចំនួនត្រឹម៣១លាននាក់ កាលពីឆ្នាំ១៩៩០៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *