សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បាននិយាយថា ក្រុមប្រទេសលោកខាងលិច គួរតែក្លាហានជាងមុនពាក់ព័ន្ធនឹង ​ការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី ដែលពួកគេបានបង្កកទុក ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
​​នៅក្នុងអត្ថបទចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Sunday Times នាឱកាសខួប២ឆ្នាំនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោក Sunak បានលើកឡើងថា អ៊ុយក្រែននៅតែត្រូវការសព្វាវុធរយៈចម្ងាយឆ្ងាយ ដ្រូន គ្រាប់រំសេវ និងការគាំទ្រផ្សេងៗទៀត ហើយលោកបានបន្ថែមថា «ពួកយើងចាំបាច់ត្រូវក្លាហាន ក្នុងការវាយលុកលើសេដ្ឋកិច្ឋសង្រ្គាមរបស់រុស្ស៉ី ហើយត្រូវតែហ៊ានជាងមុន ក្នុងការរឹបអូសទ្រព្យសម្បត្តិ សរុបរាប់​ពាន់លានដុល្លាររបស់រុស្ស៉ី ដែលត្រូវបានបង្កកទុក»។ ទន្ទឹមគ្នា លោកនាយករដ្ឋមន្រ្តីអង់គ្លេស ក៏បានទទូចឱ្យសហរដ្ឋអាមេរិក បន្តផ្តល់​ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងយោធា ដល់អ៊ុយក្រែនផងដែរ។
កាលពីខែមុន រដ្ឋមន្រ្តីវិនិយោគចក្រភពអង់គ្លេស លោក Dominic Johnson បានជួបអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Wally Adeyemo ដើម្បីពិភាក្សាគ្នាអំពីការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី ប៉ុន្តែបានសង្កត់ធ្ងន់ថា វាចាំបាច់ត្រូវធ្វើឡើងដោយស្រប​តាមច្បាប់អន្តរជាតិ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរបស់ប្រទេសរុស្ស៉ី សរុបប្រហែល៣០០ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ នៅពេលរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ ចំណែក ក្រុមប្រទេស G7 បាននិងកំពុងសិក្សា​លើលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ី ដើម្បីធ្វើជាមធ្យោបាយមួយ សម្រាប់ឱ្យរុស្ស៉ីរ៉ាប់រងថ្លៃខូចខាត ដែលសង្រ្គាមឈ្លានពានរបស់ខ្លួន បានបង្កឡើងចំពោះអ៊ុយក្រែន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *