ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ នៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» ក្រោមប្រធានបទ៖ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

កិច្ចពិភាក្សានេះ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនិងសមាជិកក្រុមការងារឥស្សរនជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល មន្ត្រីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១៤, មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៨០នាក់។ ក្នុងកិច្ចពិភាក្សាខាងលើនេះដែរ មានការបកស្រាយពីវាគ្មិនជាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាចំនួន៤រូប ក្រោមការសម្រប សម្រួលកិច្ចពិភាក្សាដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ថ្លែងក្នុងឱកាសបើកកិច្ចពិភាក្សាខាងលើនេះ លោកស្រីពុំ ចន្ទីនី ប្រធានគណៈអធិបតី បានគូសបញ្ជាក់ពីគោល បំណងនៃកិច្ចពិភាក្សានេះ៖ ទី១. អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ និងរំលឹកឡើងវិញនូវកាលបរិច្ឆេទដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ កុម្ភៈ ២០១១ ទី២.ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនរួមជាតិ ជាពិសេសយុវវ័យស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» និងទី៣.គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍមូលធនមនុស្ស ដែលប្រកបដោយសុខភាពល្អ និងមានសមត្ថភាព។

លោកស្រីមានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្លឹមសារនៃកិច្ចពិភាក្សានេះ នឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេស បុរស-ស្រ្តី ក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូច ដើម្បីបង្កើតបាននូវក្រុមគ្រួសារដែលប្រកបដោយសុខភាពល្អ មានសតិបញ្ញាវាងវៃ មានសុភមង្គល និងជាសសរស្តម្ភរបស់សង្គមជាតិ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *