ខេត្តកណ្ដាល៖ បុរសម្នាក់រត់ធ្លាក់ពីលើផ្ទះ បណ្ដាលឱ្យស្លាប់ ដែលគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចដីឡូត៍របស់ឈ្មោះ ចុង ជា ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀននិងផឹកស្រាជាប្រចាំធ្វើឱ្យមានសតិមិនល្អ ហើយមិនសូវហូបបាយ និងមានអាការញ័រភ័យ ខ្លាច និងធ្លាប់ប៉ុនប៉ុងធ្វើអត្តឃាតចងក ម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០២២ តែបានក្រុមគ្រួសារជួយទាន់។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះបានប្រាប់ម្តាយថាក្តៅខ្លួន និងចុកពោះខ្លាំង ហើយម្ដាយក៏បានទិញថ្នាំឱ្យលេប រហូតដល់វេលាម៉ោង១៧:០០នាទីជនរងគ្រោះក៏មានអាការក្ដៅខ្លួនខ្លាំងម្ដងទៀត ម្ដាយក៏យកថ្នាំគ្រុនក្ដៅឱ្យលេប ហើយជនរងគ្រោះក៏សម្ងំដេក។ លុះដល់វេលាម៉ោង១៩ៈ៤០នាទីជនរងគ្រោះក៏ស្រែកហៅម្ដាយឱ្យជួយដោយនិយាយថា÷ ម៉ែអើយជួយខ្ញុំផងគេតាមសម្លាប់ខ្ញុំ ម្ដាយក៏ឆ្លើយពីក្រោមផ្ទះមកវិញថា÷ ម៉ែនៅហ្នឹងទេ ស្រាប់តែពេលនោះជនរងគ្រោះក៏រត់បុកជញ្ជាំងផ្ទះ(ជញ្ជាំងស្លឹក)ធ្លាក់មកក្រោមចូលទៅក្នុងដីផ្ទះរបស់ឈ្មោះ ទូច សុខគង់ ដោយជនរងគ្រោះអត់មានស្លៀកពាក់ទេ មានតែភួយចំនួន០១រុំខ្លួនដោយមានសភាពរងាញ័រញាក់បែកញើសពេញខ្លួន ហើយឈ្មោះទូច សុខគង់ ក៍ជួយគ្រាហ៍យកមកដាក់នៅដីឡូកន្លែងកើតហេតុ។ បន្ទាប់មកឈ្មោះ ទូច សុខគង់ បានរត់ទៅប្រាប់ម្ដាយឪពុករបស់ជនរងគ្រោះដើម្បីឱ្យមកមើល។ ពេលម្ដាយឪពុកជនរងគ្រោះមកដល់ក៏ចូលទៅលើកជនរងគ្រោះ ពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញ អាជ្ញាធរភូមិឃុំ និងគ្រូពេទ្យបង្អែកធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា : សពជនរងគ្រោះមានស្នាមរលាត់ចេញឈាមនៅចំកណ្ដាលក្បាលនិងមានស្នាមរលាត់ស្បែកលើជង្គង់ទាំងសងខាង។
ក្រៅពីស្លាកស្នាមខាងលើ សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន របស់គ្រូពេទ្យនិងផ្នែកជំនាញ សពជនរងគ្រោះស្លាប់ដោយសារក្ដៅខ្លួនញ័រខ្លាំង បណ្ដាលឱ្យគាំងបេះដូងស្លាប់ ។
ចំពោះសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *