ខេត្តកំពង់ស្ពឺ ៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ នេះជាការបញ្ជាក់ពី លោក វុី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកអភិបាលខេត្តបន្តថា ៖ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។
លោកថា ៖ ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។
សូមបញ្ជាក់ថា ៖ ខេត្តកំពង់ស្ពឺស្ថិតនៅ ចន្លោះប៉ូលសេដ្ឋកិច្ចធំពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ មានចម្ងាយ ៤៨ គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ និង១៨០ គីឡូម៉ែត្រទៅកាន់ខេត្តព្រះសីហនុខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន ១៣កន្លែង និងតំបន់ទេសចរណ៍បែបផ្សងព្រេង ២ កន្លែង ។ នេះបើតាម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបញ្ជាក់ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី « វឌ្ឍនភាពនិង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ » នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ។
តាមលោក វ៉ី សំណាង ក្នុងចំណោមតំបន់ ទេសចរណ៍ទាំង ១៣ កន្លែងរួមមាន ៖ ទេសចរណ៍ប្រវត្តិសាស្ត្រ ៤កន្លែង ទេសចរណ៍ធម្មជាតិ ៨កន្លែង និងទេសចរណ៍វប្បធម៌ ១ កន្លែង ។ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ទាំង៤ កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់ , បុរាណវិទ្យាភ្នំព្រះ , រមណីយដ្ឋាន ប្រវត្តិសាស្ត្រទេទឹកពុះ និងរមណីយដ្ឋាន ប្រាសាទភ្នំក្អែកពង ។ ចំណែកទីតាំង ទេសចរណ៍ធម្មជាតិទាំង ៨ កន្លែងមាន ៖ឧទ្យានជាតិព្រះសុរាម្រិត កុសមៈគិរីរម្យ , មណ្ឌលកំសាន្តគីរីរម្យ , សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ , សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ , រមណីយដ្ឋានអំពែភ្នំ , គីរីរម្យ ផាញរីសត , កីឡដ្ឋានវាយកូនហ្គោល និង រមណីយដ្ឋាន ឬទ្ធីគីរីសែនមនោរម្យ ។ រីឯ សារមន្ទីរ នរៈបុរី គឺជាតំបន់ទេសចរណ៍វប្បធម៌ របស់ខេត្តកំពង់ស្ពឺ ។ ដោយឡែកតំបន់ ទេសចរណ៍ផ្សងព្រេងទាំង ២កន្លែង គឺ ភ្នំឱរ៉ាល់និង ភ្នំខ្នងផ្សា ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *