ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» គ្រប់ក្រសួងស្ថាប័នថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ ត្រូវចូលរួមសហការឱ្យបានល្អនៅក្នុងការងារអធិការកិច្ច ស្របតាមពាក្យស្លោករបស់សម្តេចតេជោ «អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ល្អជិតស្និទ្ធិរបស់ថ្នាក់ក្រោម»។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យស្លោកនេះត្រូវបានប្រើប្រាស់ជាបេសកកម្មរបស់ក្រសួងអធិការកិច្ច ក៏ដូចជាបេសសកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានឃើញ និងបានឮសម្រាប់យកមកពិចារណា និងស្តាប់អោយបានច្បាស់ សំលឹងមើលបានឆ្ងាយ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំយន្តការ និងរបៀបរបបនៃការងារ របស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល របស់ក្រសួងស្ថាប័ន ព្រោះបើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារត្រូវជួយយើងបានច្រើនណាស់ មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀត ការបង្កើតភាពធន់ និងចេរភាពនៃការងារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «ការបង្កើតភាពធន់ និងចេរភាពនៃការងារ បានន័យថា ពេលដែលយើងបង្កើតការងារហើយមានការងារច្បាស់លាស់ហើយ គឺអត់ពឹងទៅលើបុគ្គលទៀតនោះទេ អត់ពឹងថាទាល់តែប្រធានអធិការកិច្ចមានទម្ងន់ទើបចូលជាមួយគេចុះ ហើយអ្នកថ្មីមកអត់មានទម្ងន់ចូលអត់ចុះនោះទេ បើយើងដឹងពីតួនាទីភារកិច្ចច្បាស់លាស់មិនពឹងលើបុគ្គលទៀតនោះទេ ហើយយើងចង់ឱ្យប្រព័ន្ធការងារយើងអត់ផ្អែកទៅលើឥទ្ធិពលបុគ្គលទៀតនោះទេ គឺផ្អែកទៅលើការឯកភាពគ្នាទៅលើប្រព័ន្ធការងារ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀថា ការធ្វើដូចនេះគឺមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ គឺមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ហើយគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចនិយាយភាសារតែមួយ គឺភាសាអធិការកិច្ច យើងអាចយល់គ្នាបាន ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *