ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងការងារដ្ឋបាល ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិលនិងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។ 

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ថា ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក លិខិតឆ្លងមានចំនួន៣.៣៦៦លិខិត លិខិតធ្វើដំណើរមានចំនួន១.៥២៩លិខិត សៀវភៅស្នាក់នៅមានចំនួន១.៨៣១ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៧៣១ក្បាល។

គុណភាពនិងស័ក្ដិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្ម ដូចបានបញ្ជាក់មកនេះ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងស្វាហាប់បំផុតរបស់សម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ក៏បាននឹងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញាចិត្ត«បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ» ស្របតាមទិសស្លោកលោកអភិសន្តិបណ្ឌិត «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ