អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកំពុងស៊ើបអង្កេតការវាយប្រហារតាមអុីន​ធឺណែតរាប់សិបដែលសង្ស័យថាមកពីទឹកដីកូរ៉េខាងជើង។ ការវាយប្រហារត្រូវបានគេនិយាយថាបាននាំមកនូវប្រាក់ចំណូលចំនួន 3 ពាន់លានដុល្លារ នេះបើយោងតាមការដកស្រង់នៃរបាយការណ៍របស់អង្គការសហប្រជាជាតិ។អ្នកឃ្លាំមើលបានសរសេរថា “យើងកំពុងស៊ើបអង្កេត 58 ករណីដែលគេសង្ស័យថាការវាយប្រហារតាមអុីន​ធឺណែតពីប្រទេសកូរ៉េខាងជើងប្រឆាំងនឹងក្រុមហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូពីឆ្នាំ 2017 ដល់ឆ្នាំ 2023 ដែលមានតម្លៃប្រហែល 3 ពាន់លានដុល្លារ” ។
គណៈប្រតិភូកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅមិនទាន់ឆ្លើយតបនៅឡើយទេបន្ទាប់ពីមានហេតុការណ៍កើតឡើង។ កន្លងមក ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ពីការវាយប្រហារតាមអុីន​ធឺណែត។
ក្រុមអ្នកការទូតបាននិយាយថា របាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហានេះនឹងត្រូវចេញផ្សាយនៅចុងខែនេះ ឬដើមខែក្រោយ។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើងដោយអង្គការសហប្រជាជាតិ ទំនងជាមិនអាចទៅរួចនោះទេ ដោយសារតែក្រុមប្រឹក្សាសន្តិសុខត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំលើបញ្ហានេះ។ ចិននិងរុស្ស៊ីចង់បន្ធូរបន្ថយទណ្ឌកម្មដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ