យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកពីរគ្រាប់ដែលបានកើតឡើងនៅថ្ងៃទី ៧ ខែកុម្ភៈនៅខាងក្រៅការិយាល័យរបស់បេក្ខជនដែលចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេសប៉ាគីស្ថាន។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃមុនការបោះឆ្នោតសកលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមមន្ត្រីក្នុងតំបន់ ការវាយប្រហារលើកដំបូងបានកើតឡើងនៅជិតការិយាល័យរបស់បេក្ខជនឯករាជ្យនៅស្រុក Pishin ខេត្ត Balochistan ភាគនិរតីប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ១២នាក់ និងរបួស២៥នាក់ ។ ទន្ទឹមនឹងនេះដែរ ការផ្ទុះលើកទីពីរបានកើតឡើងនៅជិតការិយាល័យបោះឆ្នោតរបស់បេក្ខជនម្នាក់មកពីគណបក្សអ៊ិស្លាមនិយម Jamiat Ulema-e-Islam-F (JUI-F) នៅទីក្រុង Qilla Saifullah ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 10 នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។
បច្ចុប្បន្នគេមិនទាន់ដឹងថាបុគ្គល ឬក្រុមណានៅពីក្រោយការវាយប្រហារខាងលើនោះទេ។ ក្រុមជាច្រើន រួមទាំងក្រុមតាលីបង់ប៉ាគីស្ថាន និងក្រុមបំបែកខ្លួនពី Balochistan បានធ្វើការវាយ ប្រហារជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការវាយប្រហារជាច្រើនបានកើតឡើងនៅក្នុងពេលពលរដ្ឋត្រៀមទៅបោះឆ្នោតសកលដែលក្នុងនោះយ៉ាងហោចណាស់បេក្ខជនពីរនាក់ត្រូវបានបាញ់សម្លាប់ និងបេក្ខជនជាច្រើនត្រូវបានវាយប្រហារនៅទូទាំងប្រទេស៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *