សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានចោទប្រកាន់
រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ីកាលពីខែមករា។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia និងឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
លោក Wood បានប្រាប់សមាជិកទាំង១៥រូបនៃក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ រុស្ស៉ីបានបាញ់មីស៉ីលផ្លោងដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ប្រឆាំងអ៊ុយក្រែនយ៉ាងហោចណាស់ ៩លើក។ រុស្ស៉ី និងកូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដែលបានធ្វើឱ្យខូចដល់កាតព្វកិច្ចក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ»។
យន្តហោះ Il-76 របស់កងទ័ពអាកាសរុស្ស៊ីបានធ្លាក់កាលពីថ្ងៃទី២៤ ខែមករា ដោយនៅលើយន្តហោះនោះដឹកមនុស្ស៧៤នាក់ដែលមានទាហានអ៊ុយក្រែន ៦៥នាក់ ក្នុងដំណើរឆ្ពោះទៅរកការដោះដូរឈ្លើយសឹករុស្ស៉ី។ លោក Nebenzia ក៏បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខដែរថា «យើងមានភ័ស្តុតាងដែលមិនអាចប្រកែកបាន ថាប្រព័ន្ធមីស៉ីល Patriot ត្រូវបានប្រើសម្រាប់ធ្វើឱ្យយន្តហោះធ្លាក់ នាំឱ្យយើងសង្ស័យថាវ៉ាស៊ីនតោនជាអ្នកសមគំនិតដោយផ្ទាល់»។
រុស្ស៉ីនិងកូរ៉េខាងជើងតែងតែបដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិកជុំវិញការផ្គត់ផ្គង់អាវុធ។ ដោយឡែក មន្រ្តីការទូតជាន់ខ្ពស់របស់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីថា ប្រើប្រាស់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីបំភ្លៃព័ត៌មានជុំវិញករណីធ្លាក់យន្តហោះខាងលើនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *