ភ្នំពេញ៖ ជន​សង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ឃាត់​​ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ពោល​គឺ​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទៃពោះដោយសម្លាប់​ប្លន់​យក​​ម៉ូតូនិង​ទូរស័ព្ទរួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ។ 

ករណីសម្លាប់ស្ត្រីពោះធំនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥នាទីរសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​សព​ដែល​ដុត​ឆេះ​រោល​ខ្លោច​នៅ​វេលា​​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងជើង​ភូមិ ប្រហែល​ជាង​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​ ភឹ​ម រតនា ហៅ គាង អាយុ​៣៧​ឆ្នាំ មុខរបរនិង​ទីលំនៅ​មិន​ពិតប្រាកដ ចាប់ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១៦​និង​៣៥​នាទី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ វ៉េ​ង ថា​រី ហៅ ស្រី​ម៉ី អាយុ​២៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត កណ្តាល គឺ​ស្លាប់​ដោយសារ​ការ​រឹត​.​ក​នឹង​ខ្សែ​អង្រឹង រួច​ចាក់​សាំង​ដុត ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា  តាម​ការ​សារភាព​របស់​ជនសង្ស័យថា ​ខ្លួន​និង​ជនរង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​គ្នា ។ នៅ​​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៤ មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​នាង​មក​រួមរ័ក ។ តាម​ការ​សារភាព​ថា ជន​រង​គ្រោះ​បាន​ព្រមព្រៀង​មក​ជួប​ដោយ​ជិះ​ម៉ូតូ​មក​ដោយ​ខ្លួនឯង។

ជនសង្ស័យ​ថា​ ខ្លួន​មានគំនិត​ជា​ស្រេច​ថា​នឹង​សម្លាប់​នាងដើម្បី​ប្លន់​យក​ម៉ូតូ។ក្រោយ​គិត​ហើយ​ជនសង្ស័យ​ក៏​បាន​ចេញដំណើរ​មក​ជួប​ជន​រង​គ្រោះ ដោយ​បាន​ឈប់​ទិញ​ខ្សែ​អង្រឹង​នៅ​តាម​ផ្លូវ រួច​ហើយ​មក​ជួប​ជន​រង​គ្រោះ​នៅ​ផ្លូវ​៤២ តាម​ការ​ណាត់មែន។​ ពេល​ជួប​គ្នាខ្លួនបាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ​លា​យស ពាក់​ផ្លា​ក​លេខ1KI-2858 ឌុ​ប​ជន​រង​គ្រោះ​ចូល​ផ្ទះ សំណាក់​សួគ៌ា (នៅ​ភ្នំ​បាសិត) ប្រហែល​មួយ​ម៉ោង ។

ក្រោយ​ពី​រួមរ័ក​ជាមួយ​គ្នា​រួច​ហើយ ជន​សង្ស័យ​ក៏​ឌុ​ប​ជន​រង​គ្រោះ​ចេញពីផ្ទះ​សំណាក់ ជិះ​ទៅ​រក​កន្លែង​ស្ងាត់​ ដើម្បីសម្លាប់។ លុះ​ពេល​មក​ដល់​ព្រៃ​កន្លែង​កើតហេតុ ខ្លួនក៏​ឈប់​ម៉ូតូ ហើយ​ធ្វើ​ជា​អង្គុយនិយាយ​គ្នា​លេង។ ពេល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ភ្លេចខ្លួន រូបគេ​ក៏​យក​ខ្សែ​អង្រឹង​ដែល​ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ​រួច​ជា​ស្រេច មក​ធ្វើ​សកម្មភាព​រឹត​.​ក​​​ពីក្រោយ ​ហើយ​ទាញ​បង្វិល​ផ្កាប់មុខ​មិន​ឲ្យ​រើបម្រះ​ក៏​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ ។ រួច​ហើយក៏យក​ខ្សែ​ទាក់​.​ក​ជន​រង​គ្រោះ​អូស​ចូល​ទៅ​ក្នុង​ព្រៃ​ប្រហែល​៣០​ម៉ែត្រ ប្រមូល​ស្មៅ និង​មែកឈើ​ងាប់​ៗ​ក្បែរ​នោះ​គ្រប​លើ​សព​ រួច​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ទិញ​សាំង និង​ដែកកេះ នៅ​តូប​លក់​ក្នុងភូមិ យក​សាំង​មក​ស្រោច​លើ​សព​ហើយ​ឈួ​ល​ដែកកេះ​ដុត​សព​​តែ​ម្តង ។ បន្ទាប់​មក​​​ខ្លួន​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​និង​យក​ទៅ​ល​ក់​នៅ​ភ្នំពេញ ។

ការ​សារភាព​ខាងលើ​នេះ​មិនដឹង​ថា តើ​ជា​ការ​បរិហារ​ស្ត្រី​ដែល​ខ្លួន​សម្លាប់​ទៅ​ហើយ ឬ​បែប​ណា​ទេ តែ​វា​ពិតជា​ឃោរឃៅ​ណាស់ ដែល​​ឃាតក​រូប​នេះ​សម្លាប់​មនុស្ស ដល់​ទៅ​២​នាក់ រួម​ជាមួយ​កូន​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​៥​ខែ​មក​ហើយ ។ ការ​ឈាន​ទៅ​ចាប់ខ្លួន​ឃាតក បាន​ក្នុង​រយៈពេល​១៦​ថ្ងៃក្រោយ​មកនេះ គឺ​ដោយសារ​តែ​ការ​សម្លាប់​នេះឯង ព្រោះ​បាន​បង្ហាញ​ពី​ការ​ស្គាល់គ្នា​ទើប​អាច​ឈាន​ដល់​ការ​សម្លាប់​បំបិទមាត់។ តែ​ឈាមស្រែក​ស្បែក​ហៅ ជន​បាតដៃ​ប្រឡាក់​ឈាម​គេច​មិន​រួច​ពី​ដេក​គុក​១​ជីវិត​នោះ​ឡើយ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ