ខេត្តព្រៃវែង៖ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្ខពួកនៅតែប្រព្រឹត្តសកម្មភាពរំលោភច្បាប់ប្រឆាំងអំពើរពុករលួយផ្គើនអនុសាសន៍របស់នាយករដ្ឋមន្ត្រី…!។a weihg PV1
ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ស្ថិតនៅចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានផងជាកន្លែងរកលុយផង។ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏យក។ ពួកគាត់ថាទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ?។ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ធ្ងន់ជាងនេះបើទោះបី ជាមិនលើសទម្ងន់ក៏មន្ត្រីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។នេះគ្រាន់តែជាប្រភពពីអ្នកដឹកជញ្ជូនមិនសុំការបកស្រាយពលោកប្រធានស្ថានីយ៍បានទេ?៕មាតុភូមិ