ទីក្រុងប៉ារីស៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤ ចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមជម្រាបថា បណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨០ មកពីប្រទេសបារាំង និងក្រុមចំនួន ៣០ មកពីប្រទេសកម្ពុជា ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ ។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍៕