សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui កំពុងស្ថិតក្នុងប្រទេសរុស្ស៉ីនាសប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាគ្នា ជាមួយសមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergei Lavrov ខណៈដែលប្រទេសជិតខាងទាំងពីរ កំពុងបន្តធ្វើឱ្យចំណងទាក់ទងផ្នែកនយោបាយ យោធា សេដ្ឋកិច្ច កាន់តែមានភាពស៉ីជម្រៅខ្លាំងជាងមុនថែមទៀត។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា លោកស្រី Choe បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរង់ចាំទទួលស្វាគមន៍ដោយ ក្រុមមន្រ្តីមកពីក្រសួងការបរទេសរុស្ស៉ី ក៏ដូចជាមកពីស្ថានទូតកូរ៉េខាងជើង។ បើតាមកាលវិភាគ លោកស្រី Choe នឹងត្រូវបំពេញទស្សនកិច្ចនៅរុស្ស៉ី រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចនេះកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៉ីនតោននិងសម្ព័ន្ធមិត្ត បានចោទប្រកាន់ទីក្រុងមូស្គូថា ប្រើប្រាស់មីស៉ីលបាលិស្ទីគ ព្រមទាំងអាវុធផ្សេងទៀត របស់កូរ៉េខាងជើង ប្រឆាំងលើគោលដៅនៅអ៊ុយក្រែន។
ទីក្រុងមូស្គូនិងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់បែបនោះ ប៉ុន្តែបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិឱ្យកាន់តែស៉ីជម្រៅ លើផ្នែកជាច្រើន ហើយបានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់ជាមួយគ្នា ចាប់តាំងពីឆ្នាំមុនមក។ សញ្ញានៃការបង្កើនភាពជិតស្និទ្ធ រវាងរុស្ស៉ីនិងកូរ៉េខាងជើងបានលេចឡើងច្បាស់ កាលពីខែកក្កដា ឆ្នាំ២០២៣ នៅពេលរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង និងទស្សនាការតាំងពិព័រណ៍សព្វាវុធ ដែលរួមមានទាំង មីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ បន្ទាប់មក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ខណៈវាគឺជា ដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១របស់លោក គិតចាប់តាំងពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ផ្ទុះឡើង៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *