សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលមានទោសជាប់ពន្ធនាគារ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការតាមដាន និងព្យាបាលស្ថានភាពជំងឺ។នាយកដ្ឋានអប់រំកែប្រែនៃប្រទេសថៃ បានប្រកាសពីដំណឹងដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមហេតុផល នៃភាពចាំបាច់ក្នុងការបន្តតាមដានឱ្យដិតដល់ ចំពោះសុខភាពរបស់លោក។ លោក Thaksin ដែលជាអ្នកនៅពីក្រោយគណបក្ស Pheu Thai ដែលជាគណបក្សកាន់អំណាចថៃបច្ចុប្បន្ន បានសម្រាកព្យាបាលជំងឺនៅពេទ្យ ចាប់តាំងតែពីរូបលោកបានវិលត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួនក្រៅប្រទេស អស់រយៈពេល១៥ឆ្នាំ បន្ទាប់លោកបានអះអាងថា មានបញ្ហាតឹងណែនដើមទ្រូង និងសម្ពាធឈាមឡើងខ្ពស់ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទៅដល់ពន្ធនាគារទីក្រុងបាងកក ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោមបទល្មើសរំលោភអំណាច អំលុងពេលលោកនៅជានាយករដ្ឋមន្រ្តី។
លោក Thaksin វ័យ៧៤ឆ្នាំ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦។ ទោសជាប់ពន្ធនាគារ៨ឆ្នាំខាងលើរបស់លោក ត្រូវបានព្រះមហាក្សត្រថៃ ព្រះរាជទានបន្ធូរបន្ថយមកនៅត្រឹមរយៈពេល ១ឆ្នាំវិញ ហើយរូបលោក នឹងមានសិទ្ធអាចស្នើសុំនៅក្រៅឃុំបានថែមទៀត នាអំលុងចុងខែកុម្ភៈ ខាងមុខនេះ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *