ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ទាំង២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃចន្ទ​ទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង១៦និង៤០នាទីថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន២នាក់​ នៅចំណុចអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់​ ១-ឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា ហៅលីវមេ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និងប្រើប្រាស់),២-ឈ្មោះ ឆៃយ៉ុង ប៊ួនសុង ហៅខិម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និងប្រើប្រាស់)។
លោកបន្តថា​ មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា​ មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលេី។​ ភ្លាមៗ​លោកបានដឹកនាំកម្លាំងដោយផ្ទាល់​ ចុះទៅដល់ចំណុចកើត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមទាំងចាប់យកវត្ថុតាងរួមមាន​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៣កូនថង់កិប ទម្ងន់ ២,៩៤ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០៥កូនថង់កិប ស្មើនឹង៥០គ្រាប់ ទម្ងន់៥,៨២ក្រាម, និងកូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួន (នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ជារបស់ជនសង្ស័យឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។
ក្រោយឃាត់ខ្លួន​ និងសាកសួររួច ជនសង្ស័យ​បានសារ​ភាពថា​ ពួកខ្លួនទាំង២នាក់ ពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ ជនសង្ស័យ​ទាំង២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *