ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរប៉ះជាមួយម៉ូតូ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវបេតុងចំណុចទល់មុខវត្តកំពែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ព្រឹម ដា អាយុ២៣ឆ្នាំ ជាកម្មករោងចក្រ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1JZ-4225 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈប់កមកដល់ចំណុចកើតហេតុ ទល់មុខនិងក្លោងទ្វារវត្តកំពែង ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងទៀត ពណ៌ខៀវពាក់ផ្លាកលេខ រដ្ឋ 37 3-0205 បើកដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលប៉ះជាមួយនឹងម៉ូតូពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ភ្លាមៗ ហើយរថយន្តក្រុងមិនបានឈប់នោះទេ ក៏បន្តល្បឿនបើករត់ទៅមុខ តែត្រូវបានពលរដ្ឋតាមឃាត់បានវិញ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្ត និងតំណាងម្ចាស់ម៉ូតូចូលខ្លួនដោះស្រាយ នៅពេលក្រោយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *