សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំចិននិងវៀតណាម បានសាទរការសម្រេចចិត្តជាយុទ្ធសាស្រ្តក្នុងការពង្រឹងចំណងទាក់ទងរវាងគ្នា ព្រមទាំងក្នុងការក្លាយជាផ្នែកនៃសហគមន៍រួមវាសនា ស្របពេលដែលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្នុងប្រទេសអាស៊ានមួយនេះ បានឈានចូលថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ។
អំឡុងទស្សនកិច្ចខាងលើដែលជាលើកទី១របស់លោក សុីក្នុងរយៈពេល៦ឆ្នាំ ប្រទេសជិតខាងទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួនប្រមាណ៣៧ផងដែរ រួមមានពាក់ព័ន្ធទំនាក់ទំនងការទូត សន្តិសុខ គម្រោងផ្លូវដែក ទូរគមនាគមន៍និងទិន្នន័យឌីជីថល ជាដើម។ លោកប្រធានាធិបតីចិន បានប្រាប់ប្រធានសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបនាថ្ងៃពុធនេះថា ភាគីទាំងពីរបានប្រកាសពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដើម្បីលើកកម្ពស់ការដំឡើងកម្រិតទំនាក់ទំនងចិន-វៀតណាម។ រីឯក្នុងជំនួបជាមួយលោក ស៉ី នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានហៅការសម្រេចចិត្តនោះ ថាជាសមិទ្ធផលមួយដ៏សំខាន់ជាប្រវត្តិសាស្រ្ត ហើយលោកបានបន្ថែមថា ការក្លាយជាផ្នែកនៃសហគមន៍រួមវាសនា គឺជាជម្រើសយុទ្ធសាស្រ្តមួយ។ លោក ស៉ី ក៏បានជួបប្រធានាធិបតីវៀតណាម លោក Vo Van Thuong ផងដែរ មុនពេលត្រូវចាកចេញពីរដ្ឋធានីហាណូយវិញនារសៀលថ្ងៃពុធនេះ។
ស្របពេលដែលចិននិងសហរដ្ឋអាមេរិកកំពុងព្យាយាមប្រជែងឥទ្ធិពលនៅវៀតណាម ការចុះកិច្ចព្រមព្រៀងជាច្រើនខាងលើ បង្ហាញពីភាពជោគជ័យមួយនៃការទូតរបស់ប្រទេសអាស៊ានមួយនេះ ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា ការប្រកាសពង្រឹងទំនាក់ទំនងនោះ អាចត្រឹមតែជានិមិត្តរូបប៉ុណ្ណោះ ជាជាងពិតជាក់ស្តែង។ ជាច្រើនខែមកនេះ ទីក្រុងប៉េកាំង បានព្យាយាមជាខ្លាំងដើម្បីជំរុញឱ្យមានការដំឡើងទំនាក់ទំនង ជាពិសេសបន្ទាប់ពីវៀតណាមបានដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្មើប្រទេសចិន។ ការបំពេញទស្សនកិច្ចរបស់លោក ស៉ី ជីនពីង មកកាន់វៀតណាម ដែលជាទស្សនកិច្ចក្រៅប្រទេសលើកទី៤របស់លោកនៅក្នុងឆ្នាំនេះ បន្ទាប់ពីរុស្ស៉ី អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារសំខាន់ដែលរូបលោកផ្តល់លើប្រទេសវៀតណាម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *