ប្រធានាធិបតីពូទីនបានចូលរួមដោយផ្ទាល់នៅក្នុងពិធីប្រគល់នាវាមុជទឹកនុយក្លេអ៊ែរអធិរាជ Alexander III និង Krasnoyarsk នៅពេលទៅទស្សនាទីក្រុង Severodvinsk ។
ពិធីលើកទង់ជាតិនិងការដាក់ឱ្យប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរជំនាន់ថ្មីចំនួនពីរគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី មានឈ្មោះ Alexander III និង Krasnoyarsk បានធ្វើឡើងនៅថ្ងៃនេះនៅឯកន្លែងផលិតកប៉ាល់ Sevmash ក្នុងទីក្រុង Severodvinsk ភាគខាងជើងនៃប្រទេស។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងព្រឹត្តិការណ៍នោះថា “នាវាមុជទឹកទាំងពីរនឹងដាក់ពង្រាយក្នុងពេលឆាប់ៗនេះ ដើម្បីល្បាតនៅមហាសមុទ្រប៉ាស៊ីហ្វិក”។ ម្ចាស់វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តពង្រឹងកម្លាំងទ័ពជើងទឹករបស់ខ្លួន ដោយពន្លឿនការផលិតនាវាចម្បាំងនិងធ្វើទំនើបកម្មកងកម្លាំងដែលមានស្រាប់។ លោកប្រធានាធិបតី ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងសាងសង់នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរកម្រិត Yasen-M ចំនួន៥គ្រឿងបន្ថែមទៀត ហើយគ្រោងនឹងបន្តផលិតចំនួន៣គ្រឿងបន្ថែមទៀត។
Aleksandr III គឺជានាវាមុជទឹកនៃគម្រោង 995A “Boei-A” ប្រវែង 170 ម៉ែត្រ ទទឹង 13.5 ម៉ែត្រ ជាមួយនឹងទម្ងន់ 24.000 តោន ល្បឿនអតិបរមានៅពេលលិចទឹករហូតដល់ 56 គីឡូម៉ែត្រក្នុងមួយម៉ោង និងជួរប្រតិបត្តិការគ្មានដែនកំណត់។ នាវាមុជទឹកលំដាប់ Boei-A មានប្រព័ន្ធទំនាក់ទំនងកាន់តែប្រសើរឡើងយ៉ាងខ្លាំង កាត់បន្ថយកម្រិតសំឡេងរំខាន ក៏ដូចជាការបង្កើនកន្លែងរស់នៅសម្រាប់នាវិក។
សព្វាវុធសំខាន់ៗរបស់នាវាមុជទឹកថ្នាក់បូរីគឺ កាំជ្រួចអន្តរទ្វីប 16 RSM-56 Bulava រួមជាមួយនឹងកាំជ្រួចជាច្រើនប្រភេទ។ នាវានីមួយៗអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានចំនួន 10 គ្រាប់ និងមានរយៈចម្ងាយអតិបរមាប្រហែល 10,000 គីឡូម៉ែត្រ ៕ ដោយ៖ ធីរីណា