សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបាន ទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនយ៉ាងហោច២០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងទីក្រងមូស្គូផងដែរ។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula បានអះអាងថា មនុស្សម្នាក់បានរងរបួសនៅពេលដ្រូន១គ្រឿងដែលត្រូវបានបាញ់ស្ទាក់ធ្លាក់ចំអគារស្នាក់នៅមួយកន្លែង។ បើតាមក្រុមមន្រ្តីរុស្ស៉ី យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់ នៅទីតាំងមួយចំនួននៃតំបន់ Moscow។ រីឯកាសែតរុស្ស៉ី Kommersant បានរាយការណ៍ថា ជើងហោះហើរត្រូវបានពន្យារពេលឬក៏លុបចោលតែម្តង នៅតាមព្រលានយន្តហោះធំៗរបស់ទីក្រុងមូស្គូ ដោយសារតែការវាយប្រហារនៃយន្តហោះដ្រូន។
គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូនខាងលើនេះ កើតមានឡើងបន្ទាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីបានបើកការវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូនប្រមាណ៧៥គ្រឿង ទៅលើរដ្ឋធានីរបស់អ៊ុយក្រែននិងតំបន់ជុំវិញ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស ខណៈដែលវាគឺជាការវាយប្រហារដោយដ្រូនធំបំផុតរបស់រុស្ស៉ី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ រីឯនៅថ្ងៃអាទិត្យនេះ អ៊ុយក្រែនបានឱ្យដឹងថា ខ្លួនក៏បានបាញ់ទម្លាក់ដ្រូន៨គ្រឿងក្នុងចំណោម៩គ្រឿង ដែលរុស្ស៉ីបាញ់បញ្ជូនមកផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *