ដោយ:ប.ជ័យ / ភ្នំពេញ: វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។

ការជូនដំណឹងនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០ រៀលក្នុងមួយខែ។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យត្រូវការយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ដែលចង់រៀនជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីពឱ្យចូលរៀនវគ្គបណ្តុះបណ្តាលប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។ 

ការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងអនាគតដូចជា៖ ១ ការងារកំបោរចំនួន១៥០នាក់ ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់ ,ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤៥០នាក់ ,ការថែទាំ និងជួសជុលរថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ១៥០នាក់ ,ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ១៥០នាក់ ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៥០នាក់ ,សេវាកម្មកុំព្យូទ័រ ១៥០នាក់ ,សេវាកម្មរដ្ឋបាល ១៥០នាក់ ,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ,១៥០នាក់ធុរកិច្ចភេសជ្ជៈ ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។ 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ប្អូនៗ មានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ 

ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន ។ 

ឯកឧត្តមបន្ថែមថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់គួរយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕សរន / N

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ