ភ្នំពេញ​៖​ ក្រសួងព័ត៌មាន ជម្រាបជូន មា្ចស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីសំណើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍។
យោងតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា​ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ជ្រាបថា កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន អនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិង កំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវ ទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។
អនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន និងសេចក្តីជូនដំណឹងលេខ១១១៤សជណ.ពប ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមាន សណ្តាប់ធ្នាប់និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាព ស្ថាប័នព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដូចតទៅ៖
*១. ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ (បី)ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាដែលនៅត បន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
*២.​ សមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ករណ៏ម្ចាស់អង្គភាព ប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន ក្រសួងព័ត៌មាននឹងដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
*៣.​ សមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ដែល ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មពីក្រសួងព័ត៌មានដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ វិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ ដូចជា ស្ថានីយទូរទស្សន៍ ទូរទស្សន៍ផ្កាយរណប (DTH) ទូរទស្សន៍ប្រភេទ OTT និង IPTV ជាដើម និងអង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ដទៃទៀត ដែលបានទទួលអាជ្ញាបណ្ណពីក្រសួងព័ត៌មានរួចហើយ ត្រូវធ្វើរបាយការណ៍អំពីស្ថានភាពអាជីវកម្ម របស់ខ្លួន ដែលកំពុងដំណើរការ ឬមិនដំណើរការ និងចំនួនបុគ្គលិក កម្មករ និយោជិតនៅតាមអង្គភាព នីមួយៗ ឱ្យបានច្បាស់លាស់ រួចផ្ញើមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃ ជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។ ក្រសួងព័ត៌មាននឹងចាត់មន្ត្រីជំនាញចុះធ្វើ ការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យបច្ចុប្បន្នភាពជាក់ស្តែង ដែលម្ចាស់អង្គភាពអាជីវកម្មនីមួយៗបានផ្ញើមកក្រសួង ព័ត៌មាន។
*៤.​ ក្រសួងព័ត៌មាន នឹងលុបអាជ្ញាបណ្ណអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ដោយ ស្វ័យប្រវត្តិ ប្រសិនបើម្ចាស់អាជ្ញាបណ្ណមិនដំណើរការ ឬឈប់ធ្វើអាជីវកម្មតាមលក្ខខណ្ឌដូចខាងក្រោម៖
​ ៤.១- រយៈពេល១ (មួយ) ឆ្នាំ សម្រាប់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ គិតចាប់ពីថ្ងៃទទួលអាជ្ញាបណ្ណពីក្រសួងព័ត៌មាន លើកលែងតែវិទ្យុ និងទូរទស្សន៍ គ្រប់ប្រភេទ។
​ ៤.២- រយៈពេល៣ (បី)ឆ្នាំ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ដូចជាស្ថានីយ ទូរទស្សន៍ ទូរទស្សន៍ផ្កាយរណប (DTH) ទូរទស្សន៍ប្រភេទ OTT និង IPTV ជាដើម។ ៤.៣- រយៈពេល១ (មួយ) ខែ គិតចាប់ពីថ្ងៃឈប់ធ្វើអាជីវកម្ម។
*៥. រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារពត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាត ឱ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័តមានទៀតឡើយ។ ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី។ សម្រាប់នីតិវិធីក្នុងការផ្ដល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំ ចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ https://www.verify.gov.kh ដើម្បី ជៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានបានច្បាស់ លាស់។
ក្រសួងព័ត៌មាននឹងរៀបចំនីតិវិធីបន្ថែមអំពីការបញ្ជាក់បណ្ណសម្គាល់អ្នកសារព័ត៌មាន ឬការអនុញ្ញាត ទទួលស្គាល់ជាអ្នកសារព័ត៌មាន នៅក្នុងសេចក្តីជូនដំណឹងដោយឡែកមួយផ្សេងទៀត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី ទទួលចាត់ចែង និងមានវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ