ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សាកលវិទ្យាល័យឈានមុខរបស់ថៃបានអនុម័ត “ការឈប់សម្រាកពេលមករដូវ” សម្រាប់និស្សិតដែលទទួលរងពីអាការៈមិនស្រួលខ្លួនទាក់ទងនឹងវដ្តរដូវរបស់ពួកគេ ដែលជាការអនុវត្តដំបូងគេបង្អស់សម្រាប់មហាវិទ្យាល័យរបស់ប្រទេសនេះ។

សាកលវិទ្យាល័យធម្មសាតក្នុងខេត្តផាធុមថានីភាគខាងជើងទីក្រុងបាងកកនឹងអនុញ្ញាតឱ្យនិស្សិតដែលមានការឈឺចាប់ពេលមករដូវដូចជាឈឺពោះ ឈឺក្បាល និងអស់កម្លាំង ឈប់សម្រាកពេលកំពុងសិក្សា ដោយមិនប៉ះពាល់ដល់ចំណាត់ថ្នាក់របស់ពួកគេនោះឡើយ។

ការសម្រេចចិត្តនេះត្រូវបានអនុម័តដោយគណៈកម្មាធិការសិក្សាកាលពីសប្តាហ៍មុននិងធ្វើឱ្យធម្មសាតក្លាយជាស្ថាប័នអប់រំដំបូងគេរបស់ព្រះរាជាណាចក្រនេះដែលអនុញ្ញាតឱ្យមានសិទ្ធិឈប់សម្រាកពេលមករដូវ។

សេចក្តីថ្លែងការណ៍ពីគណនីផ្លូវការរបស់សហជីពនិស្សិតនៅលើបណ្តាញសង្គម X បានសរសេរថា “នាយកដ្ឋានសិក្សាចង់ស្នើសុំកិច្ចសហការពីមហាវិទ្យាល័យ ស្ថាប័ន និងសាកលវិទ្យាល័យ ទាំងអស់ផ្តល់ការឈប់សម្រាកដល់និស្សិតដោយសារការមករដូវ។”

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីរយៈពេលដែលនិស្សិតអាចឈប់សម្រាកពីការមករដូវនោះទេ។

សាកលវិទ្យាល័យធម្មសាត ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេទីពីររបស់ព្រះរាជាណាចក្រថៃនិងត្រូវបានចាត់ទុកថាជាសាកលវិទ្យាល័យរីកចម្រើនបំផុត គឺមានភាពល្បីល្បាញខ្លាំងបំផុតខាងផ្នែកនយោបាយនិងច្បាប់។

ប្រទេសមួយចំនួនតូចជុំវិញពិភពលោកបានអនុម័តច្បាប់អនុញ្ញាតឱ្យឈប់ពេលមករដូវ រួមមានប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងអេស្ប៉ាញ។

នៅក្នុងប្រទេសមួយចំនួនទៀត និយោជកបានចាប់ផ្តើមផ្តល់ការឈប់សម្រាកពេលមករដូវ ដោយមិនចាំបាច់មានច្បាប់ណាចែងឱ្យធ្វើដូច្នេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ