សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃពុធនេះថា គណៈប្រតិភូរុស្ស៉ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Alexander Kozlov កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលដំណើរទស្សនកិច្ចនេះបានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងទើបនឹងបានប្រកាសអំពីវឌ្ឍនភាពថ្មីនៃកម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។
KCNA រាយការណ៍ថា រុស្ស៉ីចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាច្រើនវិស័យ» ជាមួយកូរ៉េខាងជើង ដោយផ្អែកតាមកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលជួបគ្នាកាលពីខែកញ្ញា លើទឹកដីរុស្ស៉ី។
KCNA ក៏បានរាយការណ៍នៅថ្ងៃពុធនេះដែរថា កូរ៉េខាងជើងបានអភិវឌ្ឍនិងធ្វើតេស្តប្រកបដោយជោគជ័យលើ «ម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងស៊េរីថ្មីមួយ» សម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម។ ចំណែកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងខែវិច្ឆិកានេះថា កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយហាក់ដូចជាបានទទួលជំនួយបច្ចេកទេសពីរុស្ស៉ី។
លោក Kozlov បានទៅដល់កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយមន្រ្តីនៃប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់សង្គ្រាមកូរ៉េ នៅក្នុងទីក្រុងសេអ៊ូលដោយបង្ហាញក្តីបារម្ភថា ចិននិងរុស្ស៉ីកំពុងជួយកូរ៉េខាងជើងពង្រីកសមត្ថភាពយោធារបស់ខ្លួន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *