សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រុក ក្រុមចលនាតស៊ូនិងមន្ត្រីម្នាក់បាននិយាយថា ចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចបានវាយប្រហារលើប៉ុស្តិ៍សន្តិសុខ ជាច្រើនកន្លែង ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិ២ថ្មីទៀត ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់បាននាំគ្នាឆ្លងចូលទៅក្នុងប្រទេសជិតខាង គឺឥណ្ឌាដើម្បីសុវត្ថិភាព។
អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) លោក Khine Thu Kha បាននិយាយថា សម្ព័ន្ធមិត្តមួយក្នុងចំណោមចលនាតស៊ូចំនួន ៣ គឺកងទ័ព Arakan Army ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពនៅក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានដណ្តើមយកទីតាំងមួយចំនួនក្នុងតំបន់ Rathedaung និង Minbya ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រពីគ្នា។ អ្នកស្រុកម្នាក់ក្នុងតំបន់ Rathedaung បាននិយាយថា ស្នូរកាំភ្លើងត្រូវបានឮនៅមុនថ្ងៃរះ នៅថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) អមដោយការទម្លាក់គ្រាប់បែករយៈពេលជាច្រើនម៉ោង ហើយយោធាក៏បានបិទផ្លូវ ចូលមកក្នុងតំបន់ ព្រមជាមួយនឹងការពង្រឹងកម្លាំងឈរជើង។
មន្ត្រីឥណ្ឌាមួយរូបនិងប្រភពពីរទៀតបានឱ្យដឹងថា ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនៅក្នុងរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា នៅពេលដែលក្រុមបះបោរ វាយប្រហារលើជំរំយោធាចំនួនពីរ។ មនុស្សប្រហែល ៥,០០០នាក់មកពីមីយ៉ាន់ម៉ាបានឆ្លងចូលទៅក្នុងរដ្ឋ Mizoram របស់ឥណ្ឌាដើម្បី ស្វែងរកទីជម្រក។
គួរបញ្ជាក់ថា រដ្ឋ Chin ដែលធ្លាប់តែមានសន្តិភាពច្រើនឆ្នាំមកហើយ បានឃើញមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្រោយរដ្ឋប្រហារឆ្នាំ២០២១ ដោយប្រជាជនរាប់ពាន់នាក់ប្រដាប់ដោយអាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធា។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗទេ ចំពោះការផ្ញើសារដើម្បី សុំការអត្ថាធិប្បាយអំពីការប្រយុទ្ធគ្នាថ្មីចុងក្រោយនេះ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *