ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ថ្វីបើ​យន្តហោះ​វាយប្រហារ​លើ​ដី A-10 Warthog របស់​កងទ័ពអាកាស​អាម៉េរិក​មើលទៅ​ហាក់​ជិត​ចូល​និវត្តន៍​ក៏​ដោយ ក៏ប៉ុន្តែ​ពួកវា​នៅ​តែ​ត្រូវ​បញ្ជូន​ទៅ​ទីកន្លែង​គ្រោះថ្នាក់​ជាច្រើន​។ កាលពី​ខែ​មុន ក្រុម​យន្តហោះ Warthog បាន​ចូល​ទៅ​តំបន់​មជ្ឈិមបូព៌ា ជា​ផ្នែក​មួយ​នៃ​ការបង្កើន​កងកម្លាំង​អាម៉េរិក​ចូលទៅក្នុង​តំបន់​នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការផ្ទុះ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​។ រូបភាព ដែល​ទើប​ចេញផ្សាយ​ថ្មីៗ ឥឡូវ​នេះ​បាន​ផ្តល់​នូវ​ទិដ្ឋភាព​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​សព្វាវុធ​ដែល​បំពាក់​លើ​យន្តហោះ​ទាំងនេះ ខណៈ​ដែល​ពួក​វា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ឧបទ្ទវហេតុ​នានា​។​

​មជ្ឈមណ្ឌល​កងទ័ពអាកាស​អាម៉េរិក (AFCENT) ដែល​ជា​បញ្ជាការ​កំពូល​របស់​ទ័ពអាកាស​នៅ​មជ្ឈិម​បូព៌ា បាន​បង្ហោះ​លើ​អន​ឡាញ​កាលពី​ថ្ងៃទី​៨​វិច្ឆិកា​នូវ​រូបភាព​របស់​យន្តហោះ A-10 ដែល​ជា​កម្មសិទ្ធិ​របស់​កងវរសេនាតូច​យន្តហោះ​ចម្បាំង​ទី ៣៥៤ ដែល​ផ្ទុក​ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ជាច្រើន​ប្រភេទ​។ មន្ទីរ​បញ្ច​កោណ​បានប្រកាសថា យន្តហោះ Warthog បាន​មកដល់ “​ទីតាំង​មិន​បង្ហាញ​” នៅ​មជ្ឈិមបូព៌ា​នៅ​ថ្ងៃទី ១២ ខែតុលា​។​

​រូបភាព​ថ្មី​នេះ​បាន​បង្ហាញ​យន្តហោះ A-10 ចំនួន ៤ គ្រឿង ដែល​ផ្ទុក​គ្រាប់​ដូចៗ​គ្នា​។​

​យន្តហោះ Warthog នី​មួយៗ​មាន​មី​ស៊ី​លពី​អាកាស​ទៅ​អាកាស AIM-9M Sidewinder មួយ​គូ​នៅលើ​ឧបករណ៍​បាញ់​ភ្លោះ​នៅ​ខាងក្រោម​ស្លាប​ឆ្វេង​របស់​វា​។ នេះ​ជា​អ្វី​ដែល​យន្តហោះ​ទាំងនេះ​ប្រើ​ជា​ប្រចាំ​សម្រាប់​ការពារ​ខ្លួន​។​

​រំកិល​ទៅក្នុង​បន្តិច​នៅក្រោម​ស្លាប​ឆ្វេង​ដដែល ក៏​មាន​គ្រាប់​រ៉ុក្កែត ៧០ មិល្លីម៉ែត្រ​ចំនួន ៧ គ្រាប់ ដែល​ផ្ទុក​ជាមួយ​អ្វី​ដែល​មើលទៅ​ដូចជា មី​ស៊ី​ល​បញ្ជា​ដោយ​ឡា​ស៊ែរ Advanced Precision Kill Weapon System II (APKWS II) ដែល​មាន​ក្បាល​គ្រាប់​ប្រភេទ M282​។​

​នៅក្រោម​ស្លាប​ស្តាំ​វិញ យន្តហោះ A-10 មាន​ឧបករណ៍​បំពង់​បាញ់​គ្រាប់​កម្រិត​ខ្ពស់ LITENING ដូច​ដែល​អាច​មើលឃើញ​នៅក្នុង​រូបភាព​ខាងក្រោម​។​

​បំពង់​បាញ់​គ្រាប់ LITENING មាន​ម៉ាស៊ីន​ថត​វីដេអូ​ចលនា​ពេញលេញ​បញ្ជា​ដោយ​អេឡិចត្រូអុប​ទិក​និង​អ៊ីន​ហ្វ្រា​រ៉េដ ក៏​ដូច​ជា​ឧបករណ៍​កំណត់​ឡា​ស៊ែរ និង​ឧបករណ៍​ស្វែងរក​ចម្ងាយ​ឡាស៊ែរ​។ វា​ក៏​អាច​កំណត់កូអ័​រដោ​ណេ​ជាក់លាក់​នៃ​ចំណុច​ណាមួយ​នៅលើ​ដី​ផង​ដែរ ដែល​បន្ទាប់មក​អាច​បញ្ចូល​កម្មវិធី​សូ​ហ្វ​វែ​ទៅក្នុង​គ្រាប់ ដែល​បញ្ជា​ដោយ​ប្រព័ន្ធ GPS ។ សរុបមក បំពង់​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ស្វែងរក តាមដាន និង​បាញ់​លើ​គោលដៅ​នៅលើ​ដី ក៏ដូចជា​សម្រាប់​ការឃ្លាំមើល​ទូទៅ​។​

​ខិតចូល​ទៅ​ក្នុង​ផុត​នៃ​ស្លាប​ទាំងសងខាង​គឺ​មាន​គ្រាប់បែក GBU-39/B Small Diameter Bombs (SDB) ចំនួន ៤ គ្រាប់​។ គ្រាប់​នេះ​គឺ​បញ្ជា​ទិស​តាម GPS ដែល​អាច​បាញ់​គោលដៅ​នៅ​ចម្ងាយ ៧៥ គីឡូម៉ែត្រ​។ ការណ៍​នេះ​អាច​ជួយ​យន្តហោះ​មាន​ភាពបត់បែន​ខ្ពស់​និង​មាន​ឱកាស​រួចខ្លួន​ខ្ពស់​ពី​ការបាញ់​ពី​សំណាក់​សត្រូវ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *