ត៌មានជាតិ​ក្រុមហ៊ុនចិនមួយបោះទុន ៥០០ លានដុល្លារផលិតសំបកកង់រថយន្តនៅកម្ពុជា​បានផុស ៣០ វិនាទី មុន នៅ ថ្ងៃចន្ទ ១៣ វិច្ឆិកា ២០២៣ ដោយ deth leng
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​មានប្រសាសន៍នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣​នេះថា ​ក្រុមហ៊ុនចិនធំមួយបានឯកភាពរួចហើយដោយគ្រោងបោះទុនប្រមាណ ៥០០ លានដុល្លារអាមេរិកផលិត​សំបក​កង់​រថយន្តដើម្បីបង្កើនការផលិតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​សម្ដេចធិបតីបញ្ជាក់ថា នេះជាការវិវត្តទៅមុខ ខណៈរដ្ឋាភិបាលមិនចង់នាំចេញវត្ថុធាតុដើមជាកៅស៊ូ ហើយចង់បានផលិតផលសម្រេច ដែលនេះជាការវិវត្តទៅដល់វិស័យកសិឧស្សាហកម្ម។ ​

បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ រួមមាន៖ ​រោងចក្រ Cart Tire Co., Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៣៥០លានដុល្លារអាមេរិក គ្រោង​ពង្រីក ២០០ លានដុល្លារបន្ថែមទៀត។ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ក្រោមទំហំទុន៣០០លានដុល្លារ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន NEWBUSTAR (Cambodia) ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះទុនវិនិយោគ ១៣៨ លានដុល្លារកំពុងសាងសង់។

ទោះយ៉ាងណា​​សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់បន្ថែមថា ​វត្ថុធាតុដើមក្នុងស្រុក​នៅមានកម្រិតតិចនៅឡើយ​សម្រាប់ប្រើប្រាស់បានត្រឹមពី ២០ ទៅ ៣០ ភាគរយដោយសារបញ្ហាបច្ចេកទេស។

សម្ដេចអះអាងថា នៅពេលខាងមុខ​កម្ពុជានៅមានសក្ដានុពលធំណាស់​ ដើម្បីផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក មិនចាំបាច់នាំកៅស៊ូ​ចេញទៅក្រៅប្រទេស គឺយកចូលមករោងចក្រផលិត​សម្ភារកង់រថយន្តក្នុងស្រុកតែម្ដង។

សម្ដេចក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ និងសមាគមកៅស៊ូ​បង្កើតយន្តការមួយ​ធ្វើយ៉ាងណាសម្រប​សម្រួល​ដោះស្រាយបញ្ហាបច្ចេកទេស​ បញ្ហាផ្សេងៗដើម្បីធានាខ្សែងច្រវាក់ផលិតកម្មចាប់​តាំងពីអ្នក​ដាំ​រហូតមកដល់កន្លែងកែច្នៃ ដើម្បីធ្វើយ៉ាងណា​បំពេញតម្រូវការក្នុងស្រុក៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *