ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យលោក ស សុខា បង្កើនការស្រាវជ្រាវ និងបង្ក្រាប ផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងការធ្វើអាជីវកម្មប្រកបដោយតម្លាភាព។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពន្លឿនការ រៀបចំពិនិត្យឡើងវិញ នូវនីតិវិធីបទដ្ឋាននានាដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា វិស័យឯកជនបានលើកអំពីការអនុវត្តការងារ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានក្លាយជាបន្ទុកមួយ។
ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ សម្តេចធិបតីបានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានដាក់ចេញ សេចក្ដីសម្រេចលេខ ៤៦៨៦ សសរ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្អាកជាបណ្ដោះ អាសន្ន នូវការស្រាវជ្រាវ ស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ របស់លេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរួចមកហើយ ដើម្បីកែសម្រួលតួនាទី ភារកិច្ច សំដៅលុបបំបាត់ចំណុចអវិជ្ជមានលើប្រសិទ្ធភាពការងារ។
ជាងនេះទៅទៀតសម្តេចធិបតីបានបញ្ជាក់ថា បទដ្ឋានការងារត្រូវតែមានភាពច្បាស់លាស់ ដែលសំខាន់បំផុតគឺអនុវត្តឱ្យចំគោលដៅ ។ សម្តេចធិបតីបន្ថែមថា កិច្ចការងារនេះ ទាមទារនូវការគ្រប់គ្រងលើការពង្រឹងស្ថាប័ន ដែលជាអាទិភាពមួយសំខាន់របស់រាជរដ្ឋាភិបាល គឺកំណែទម្រង់ពង្រឹងរដ្ឋបាលសាធារណៈ។
គួរជម្រាបថា ក្រសួងសម្រេចផ្អាកជាបណ្តោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣មកម្លះ។ ក្នុងនោះក្រសួងក៏បានប្រគល់ភារកិច្ចជូន អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គម។
បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏បានប្រគល់ភារកិច្ចឱ្យអគ្គស្នងការនគរបាលជាតិចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើនៅតែបន្តសកម្មភាពផ្ទុយពីការសម្រេចនេះផងដែរ៕​ campost

By admin

Leave a Reply

Your email address will not be published. Required fields are marked *