ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​ទីក្រុង​ញូវយ៉ក​បាន​ធ្វើ​ការវះកាត់​ប្តូរ​គ្រាប់ភ្នែក​ទាំងមូល​ជា​លើកដំបូង​លើ​ពិភពលោក​ក្នុង​ដំណើរការ​មួយ ដែល​ត្រូវបាន​សាទរ​យ៉ាង​ទូលំទូលាយ​ថា​ជា​របកគំហើញ​ផ្នែក​វេជ្ជសាស្ដ្រ បើ​ទោះបីជា​គេ​មិនទាន់​ដឹង​ថា​តើ​បុរស​នោះ​នឹង​អាច​មើលឃើញ​តាមរយៈ​ភ្នែក​បរិច្ចាគ​ឬ​យ៉ាងណា​ក៏ដោយ​។​

​ការវះកាត់​ជា​លើកដំបូង​នេះ​គឺពាក់ព័ន្ធ​នឹង​ការ​វះ​ផ្នែក​នៃ​ផ្ទៃមុខ​និង​កែវភ្នែក​ខាងឆ្វេង​ទាំងមូល​ចេញ រួម​ទាំង​ការផ្គត់ផ្គង់​ឈាម​និង​សរសៃ​ប្រសាទអុប​ទិក​របស់​ម្ចាស់​បរិច្ចាគ និង ផ្សាំ​វា​ទៅលើ​ជាង​អគ្គិសនី​ម្នាក់​មក​ពី​រដ្ឋ​អា​កាន់​សាស ដែល​បាន​រួច​រស់​ជីវិត​ពី​ការ​ឆក់​អគ្គិសនី ៧.២០០ វ៉ុល​កាលពី​ខែមិថុនា ឆ្នាំ​២០២១​។​

​លោក អា​រ៉ុន ជែម​ស៍ (Aaron James) អាយុ ៤៦ ឆ្នាំ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រួមទាំង​ការបាត់បង់​ភ្នែក​ខាងឆ្វេង​របស់គាត់ ដៃ​ឆ្វេង​របស់គាត់​ពីលើ​កែងដៃ ច្រមុះ និង​បបូរមាត់​របស់គាត់ ធ្មេញ​មុខ ថ្ពាល់​ឆ្វេង និង​ចង្កា​។​

​គាត់​ត្រូវបាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​សម្រាប់​ការប្តូរ​ផ្ទៃមុខ NYU Langone Health ដែល​បាន​អនុវត្ត​ការវះកាត់​នៅ​ថ្ងៃទី ២៧ ខែ​ឧសភា​។​

​ការប្តូរ​ភ្នែក​ទាំងមូល​គឺជា​រឿង​មិនអាច​ធ្វើទៅបាន​ខាង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ទោះបីជា​អ្នកស្រាវជ្រាវ​បាន​ទទួល​ជោគជ័យ​ខ្លះ​ក្នុង​ការស្តារ​ចក្ខុ​មួយ​ផ្នែក​ឡើង​វិញ​ដល់​សត្វ​ក៏ដោយ ក៏​ប៉ុន្តែ​គេ​មិន​ដែល​អនុវត្ត​លើ​មនុស្ស​រស់​ពី​មុន​នោះឡើយ​។​

​លោក អេឌូ​អាដូ រ៉ូ​ឌ្រី​ហ្គេស (Eduardo Rodriguez) ដែល​ដឹកនាំ​ការវះកាត់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ក្នុង​បទសម្ភាសន៍​មួយ​ថា “​វា​ជា​ដែនដី​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ប៉ុន្តែ​យើង​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការរុករក​” ។​

​លោក​រ៉ូ​ឌ្រី​ហ្គេស​បាន​និយាយថា វា​គឺជា​ការវះកាត់​ប្តូរ​មុខ​លើក​ទី​ប្រាំ​របស់​គាត់​ហើយ “​យើង​អាច​កាត់បន្ថយ​ពេលវេលា​ពី​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១២ ពី ៣៦ ម៉ោង មក​ត្រឹម ២១ ម៉ោង​” ដោយ​បន្ថែម​ថា ការវះកាត់​ប្តូរ​មុខ​មិនមែន​ជា​ការវះកាត់​ពិសោធន៍​ទៀត​ទេ ហើយ​គួរតែ​ត្រូវបាន​ចាត់ទុកជា​ស្តង់ដារ​នៃ​ការថែទាំ​” ក្នុង​ករណី​ខ្លះ​នៃ​ការ​ខូច​មុខ​ធ្ងន់ធ្ងរ​។​

​លោកស្រី​វេជ្ជបណ្ឌិត វ៉ា​អ៊ីដេ​ហ៊ី ដេ​ដានៀ (Vaidehi Dedania) អ្នកជំនាញ​ផ្នែក​កែវភ្នែក បាន​និយាយថា ភ្នែក​ខាងឆ្វេង​ដែល​បាន​ប្តូរ​មើលទៅ​មាន​សុខភាព​ល្អ​ខ្លាំងណាស់​។ វា​មាន​ការផ្គត់ផ្គង់​ឈាម​ល្អ រក្សា​សម្ពាធ​បានល្អ និង កំពុង​បង្កើត​សញ្ញា​អគ្គិសនី បើ​ទោះបីជា​លោកជែ​មស៍​មិនទាន់​អាច​មើល​ឃើញក៏​ដោយ​។ លោកស្រី​បាន​បន្ថែមថា “​ប៉ុន្តែ​យើង​មាន​សង្ឃឹម​ច្រើន​”៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *