សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិអាមេរិក ដែលហៅកាត់ថា USDOD នៃមន្ទីរបញ្ចកោណ (Pentagon) កាលពីពេលថ្មីៗនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តកំណែទម្រង់ទំនើបគ្រាប់បែកនុយក្លេអ៊ែរ B61 ដែលត្រូវបានកំណត់ថា B61-13 ដោយរង់ចាំការអនុញ្ញាត និងយល់ព្រមពីសភា ដោយនៅក្នុងនោះ រដ្ឋបាលសន្តិសុខជាតិនុយក្លេអ៊ែរ ដែលហៅកាត់ថា NNSA នៃនាយកដ្ឋានថាមពលនឹងធ្វើការផលិត B61-13 ។
ការសម្រេចចិត្តបន្តសមត្ថភាពនេះ ដែលត្រូវបានធ្វើឡើងដោយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ NNSA ឆ្លើយតបទៅនឹងការទាមទារនៃបរិយាកាសសន្តិសុខ ដែលវិវត្តន៍យ៉ាងឆាប់រហ័ស ដូចបានពិពណ៌នានៅក្នុងឆ្នាំ ២០២២ លើការត្រួតពិនិត្យឥរិយាបថនុយក្លេអ៊ែរ។
លោក John Plumb ដែលជាជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយអវកាស បានលើកឡើងថា «ការប្រកាសនេះ គឺឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសត្រូវ ដែលមានសក្តានុពល។ សហរដ្ឋអាមេរិកមានទំនួលខុសត្រូវក្នុងការបន្តវាយតម្លៃ និងដាក់បញ្ចូលសមត្ថភាពដែលត្រូវការដើម្បីរារាំងការវាយប្រហារដោយភាពជឿជាក់ ហើយប្រសិនបើចាំបាច់ ឆ្លើយតបទៅនឹងការវាយប្រហារជាយុទ្ធសាស្ត្រ និងការធានាដល់សម្ព័ន្ធមិត្តរបស់យើង»។
B61-13 នឹងត្រូវដឹកជញ្ជូនដោយយន្តហោះដ៏ទំនើប ដោយពង្រឹងការរារាំងសត្រូវ និងការធានាសម្ព័ន្ធមិត្ត និងដៃគូ ដោយផ្តល់ឱ្យប្រធានាធិបតីនូវជម្រើសបន្ថែមប្រឆាំងនឹងគោលដៅយោធាតំបន់ធំៗ និងពិបាកមួយចំនួន។ B61-13 នឹងជំនួស B61-7s មួយចំនួននៅក្នុងស្តុកនុយក្លេអ៊ែរបច្ចុប្បន្ន។ គ្រាប់បែកថ្មីនេះ ស្រដៀងនឹង B61-7 ដែលមានទិន្នផលអតិបរមា ៣៦០គីឡូតោន ដែលខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន អំឡុងពេលសង្គ្រាមលោកលើកទីពីររហូតដល់ ២៤ដងឯណោះ។
លោក John Plumb បានបន្ថែមថា «B61-13 តំណាងឱ្យជំហានសមហេតុផលមួយ ដើម្បីគ្រប់គ្រងបញ្ហាប្រឈមនៃបរិយាកាសសន្តិសុខថាមវន្តខ្ពស់ និងផ្តល់ឱ្យយើងនូវភាពបត់បែនបន្ថែមទៀត ការផលិត B61-13 នឹងមិនបង្កើនចំនួនអាវុធសរុបនៅក្នុងស្តុកនុយក្លេអ៊ែររបស់យើងនោះទេ»។B61-13 នឹងទាញយកអត្ថប្រយោជន៍ពីសមត្ថភាពផលិតកម្ម ដែលបានបង្កើតឡើងនាពេលបច្ចុប្បន្ន ដែលគាំទ្រ B61-12 ហើយនឹងរួមបញ្ចូលលក្ខណៈសុវត្ថិភាពទំនើប និងភាពត្រឹមត្រូវនៃ B61-12 ។ គំនិតផ្តួចផ្តើមនេះធ្វើឡើង បន្ទាប់ពីចំណាយពេលលើការពិនិត្យ និងពិចារណាអស់ជាច្រើនខែ៕ (ប្រភពពី USDOD និង Pubity)