បាត់ដំបង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានអោយដឹងថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលពត៌មានដោយផ្ទាល់មាត់ពីឈ្មោះ ឈីន ផល្លា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ ធ្វើចំការ បានរាយការណ៍ប្តឹងសមត្ថកិច្ចយើងឲ្យដឹងថា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩ ព្រឹក ខណៈពេលដែលរូបគាត់បាននាំកូនប្រុសឈ្មោះ វ៉ាយុ អាយុ ០៤ ឆ្នាំ ចូលទៅទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារថៃ ស្ថិតក្នុងភូមិខៅឌីន ឃុំខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ជាប់មាត់ច្រកព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅពេលទិញឥវ៉ាន់រួចហើយ មើលករបស់កូនប្រុស ស្រាប់តែបាត់ខ្សែកផ្លាកទីនចំនួន ០១ ខ្សែ មានទម្ងន់ពីរជី ដែលខ្លួនទិញពាក់ឲ្យកូនប្រុស ដោយមិនដឹងថាអ្នកណាលួចយកទៅបាត់ ។ ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ១-ឈ្មោះ អឿន កែវឈូក ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ២-ឈ្មោះ ឆន រឿម ភេទស្រី អាយុ ៦៥ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិស្ពានយោល ឃុំជ្រសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាង ៖ ខ្សែកលោហធាតុពណ៌ទង់ដែង ចំនួន ០១ ខ្សែ បាននៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៥ នាទី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាព ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា៖ កាលពីព្រឹកថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ២០២៣ រូបគេទាំងពីរនាក់ ពិតជាបានធ្វើ សកម្មភាពលួចឆ្លងដែន ចូលទៅក្នុងផ្សារថៃជាប់មាត់ច្រកព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយបាននាំគ្នាលួចដោះយកខ្សែកផ្លាកទីន ចំនួន ០១ ខ្សែ ពីក្មេងប្រុសខាងលើពិតប្រាកដមែន ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕