ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្តារាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំ និងជួសជុលគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ និងពង្រឹងលើស្លាកសញ្ញាចរាចរណ៍ដើម្បីកាត់បន្ថយនៃហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យប្រជាពលរដ្ឋរួមគ្នាចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ជាពិសេសគោរពច្បាប់ចរាចរណ៍ និងគោរពផ្លូវគន្លងឱ្យបានគ្រប់ៗគ្នា។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ» និងបើកការដ្ឋានសាងសង់ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ» ក្រោមជំនួយឥណទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព និងចាត់ទុកគ្រប់បណ្តាប្រទេសទាំងអស់ជាមិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមកបានធ្វើ ដើម្បីកសាងមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយការគោរពគ្នាទៅវិញទៅមក តាមគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព ជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបន្តថា៖ កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ