ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបញ្ជូនក្រុមជនសង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិតទារប្រាក់ ទៅតុលាការចំនួន៣៣ នាក់ ក្នុងនោះមានជនជាតិចិនដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ។ ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្តកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករ ស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិនមួយក្រុមនោះ ។ សំណុំរឿងខាងលើនេះបានដល់ដៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរហើយ ប៉ុន្តែដំណើរការស៊ើបសួរនៅដំណាក់កាលអយ្យការមិនអាចធ្វើឡើងមួយថ្ងៃចប់ទេ យ៉ាងហោចណាស់ក៏អាច២ទៅ៣ថ្ងៃដែរ ដូច្នេះពេលនេះក៏នៅមិនទាន់បានដឹងពីជោគវាសនា នៃក្រុមជនសង្ស័យទាំងអស់ ត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬក៏មានសំណាងរួចផុតពីការចោទប្រកាន់នោះដែរ ។
សូមជម្រាបថា កាលពីរំលងអធ្រាត្រយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើ ការឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ និង បើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ។ ការចុះបង្ក្រាបនោះគឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន២ ៥០០ ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែរជាចាប់ប្អូន ប្រុសគាត់(ដើមបណ្តឹង)បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ ។ បងស្រីជនរងគ្រោះប្រាប់សមត្តកិច្ចថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរស័ព្ទបញ្ជាក់ ពីទីតាំងដែលក្រុមជន សង្ស័យចាប់យកទៅបង្ខាំងជម្រិតទារប្រាក់នោះ ទើបគាត់បានទៅរាយការណ៍និងប្តឹងសមត្តកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃឧក្រិដ្ឋជនដល់ទីតាំងនោះ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្តកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអគារកម្ពស់៣ជាន់ ឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ស្រី ម្នាក់ ជនជាតិខ្មែរចំនួន៨ នាក់ ។
ក្រោយប្រតិបត្តិការកម្លាំងសមត្តកិច្ចបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមាន ៖
.រថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង
.រថយន្តម៉ាកធន់ត្រា មួយគ្រឿង
.រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង
.រថយន្ត ម៉ាកឡង់គ្រីស័រ មួយគ្រឿង
.ទូរសព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង ។
បន្ទាប់មកជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្តកិច្ចនាំកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕