ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបម្រើអោយល្បែងសុីសងខុសច្បាប់ ។
សេចក្ដីសម្រេចនេះបានធ្វើឡើងភ្លាមៗក្រោមរូបភាពជំនុំជម្រះផ្ទាល់នៅចំពោះមុខជនជាប់ចោទទាំង១១នាក់ដែលបានបំបែកសំណុំរឿងចេញពីក្រុមជនជាតិចិនដែលជាអ្នកទទួលខុសត្រូវលើបនល្នែងសុីសងខុសច្បាប់នោះ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
ជនត្រូវចោទទាំង១១នាក់ដែលតុលាការផ្ដន្ទាទោសអោយជាប់ទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃនេះ រួមមាន៖
១-ឈ្មោះ ងួន ពៅ ភេទប្រុស ជាសន្តិសុខ
២-ឈ្មោះ សៀន រ៉ាត់ ភេទប្រុស ជាសន្តិសុខ
៣-ឈ្មោះ ឈាន ណា ភេទប្រុស ជាសន្តិសុខ
៤-ឈ្មោះ ភ័ក្រ ថង ភេទស្រី ជាអ្នកចែកបៀ
៥-ចាន់ សុផល ភេទស្រី ជាអ្នកចែកបៀ
៦-ឈ្មោះ មេង ស្រីធា ជាអ្នកចែកបៀ
៧-ឈ្មោះ សុខ ធា ភេទស្រី ជាអ្នកចែកបៀ
៨-ឈ្មោះ ធាង សិទ្ធ ភេទស្រី ជាអ្នកចែកបៀ
៩-ឈ្មោះ សុង ផល្លា ភេទស្រី ជាអ្នកចែកបៀ
១០-ឈ្មោះ បន រក្សា ភេទស្រី ជាអ្នកចែកបៀ
១១-ឈ្មោះ សុង ស្រីទូច ភេទស្រី ជាអ្នកចែកបៀ ។
ក្នុងសវនាការកាលពីព្រឹកមិញនេះ ជនជាប់ចោទបានសារភាពថា ដោយសារពួកគេមានការខ្បះខាតជីវភាពជាខ្លាំងក្នុងគ្រួសារ អ្នកខ្លះជំពាក់បំណុលធនាគារ ខ្លះមានម្ដាយឳពុលឈឺ កូនរៀនសូត្រ ទើបដាច់ចិត្តទៅធ្វើខ្ញុំបម្រើអោយបនល្បែងខុសច្បាប់នោះដើម្បីយកលុយកាក់មកចិញ្ចឹមគ្រួសារ ហើយអ្មកខ្លះទើបតែធ្វើការបើកលុយបាន១ខែ អ្មកខ្លះធ្វើការមិនទាន់បានបើកលុយម្ដងផងក៏ត្រូវសមត្ថកិច្ចបង្ល្រាបតែម្ដង ។
ពួកគេបានស្នើអោយចៅក្រមតុលាការអត់អោននិងបន្ធូរបន្ថយទោសក្នុងស្ថានភាពដែលពួកគេស្ថិតដូចអណ្ដើកក្នុងភ្លើងនេះផង ។
លោក សិត វណ្ណៈ ជាតំណាងអយ្យការបានថ្លែងថា ក្រុមជនជាប់ចោទបានប្រព្រឹត្តកំហុសដោយអចេតនាដើម្បីជីវភាពរស់នៅ ដូច្នេះលោកស្នើអោយតុលាការបន្ធូរបន្ថយទោសនិងកុំពិន័យពួកគេ ដោយសារអ្នកខ្លះធ្វើការមិនទាន់បើកលុយបានម្ដងផង ។
ក្រោយបញ្ចប់សវនាការ ចៅក្រមតុលាការបានធ្វើការប្រកាសសាលក្រមនៅថ្ងៃដដែលនេះ ដោយផ្ដន្ទាទោសជនជាប់ចោទទាំង១១នាក់១ឆ្នាំក្នុងម្មាក់ៗ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ។
សូមរំលឹកថា កាលពីរាត្រីថ្ងៃទី ០៤ខែវិច្ឆិកា ឆ្នាំ២០២៣ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឆ្មក់បង្ក្រាបបនល្បែងមួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់មនុស្សទាំងស្រីទាំងប្រុសជាច្រើននាក់ រួមទាំងរឹបអូសឧបករណ៍លេងល្បែងសុីសង បៀ និងថវិកាមួយចំនួនធំ ៕