គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអាមេរិក មានទឹកប្រាក់សរុបជាង ៧,៤៩ ពាន់លានដុល្លារ ថយចុះ ១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបាន ៧,៦ពាន់លានដុល្លារអាមេរិក។ ដោយឡែកការនាំចេញមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សហរដ្ឋអាមេរិក នៅតែឈរលេខរៀងទី១ ជាប្រទេសដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ បន្ទាប់មកវៀតណាម ចិន និងជប៉ុន ជាដើម។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររយៈពេល ១០ខែនេះ សម្រេចបាន ៧,៧០លានដុល្លារ ធ្លាក់ចុះ ២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៧,៨ពាន់លានដុល្លារ។
ទំនិញសំខាន់ៗ ដែលកម្ពុជានាំទៅអាមេរិក មានដូចជា ជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារ រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី រួមទាំងសង្រ្គាមហាម៉ាស់ អ៊ីស្រអែល ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចជាសកល។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយចុះបន្តទៀតនោះ គឺអាស្រ័យទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមនៅលើពិភពលោក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយ បើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧,៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨,៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩.៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧.១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕