ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ដែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ៖ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ថ្ងៃនេះ ក៏បានហុចផលយ៉ាងច្រើនទៅដល់វិស័យសាធារណៈ និងឯកជន មានជាអាទិ៍ ចំណេញពេលវេលា កាត់បន្ថយចំណាយ ដោយមិនចាំបាច់រត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតដូចពីមុនឡើយ។
សម្តេចធិបតីបានថ្លែងថា ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថាជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈនិងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ សមិទ្ធផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាម កាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ៕