ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច (កាបូបប្រាក់) និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ទូច លីជ្រុយ (ហៅតេវ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ វត្ថុតាងចាប់យកមាន ១.ទូរស័ព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង, ២.ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ, ៣.ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៤.ទូរស័ព្ទម៉ាកNOKIA ចុចពិល ចំនួន០១គ្រឿង, ៥.គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០១កូនថង់កិប។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅវេលាកេីតហេតុ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាព លួចយកកាបូបប្រាក់ និងទូរស័ព្ទដៃដែលជនរងគ្រោះខណៈទៅមើលការតាំងពិពណ៌នៅសួនមានជ័យ ភ្លាមៗជនរងគ្រោះបានរាយការណ៍ជូនកងកម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ លោកក៏បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង និងកាបូបលុយរបស់ជនរងគ្រោះ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានលួចកាបូបលុយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បី អនុវត្តតាមនីតិវិធី។
ចំណែកវត្ថុតាងរបស់ជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដេីមវិញ៕