ខេត្តកំពង់ធំ៖ យ៉ាងហោចក្មេងប្រុសចំនួន ៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងករណីផ្ទុះឧបករណ៍កែច្នៃ នៅខេត្តកំពង់ធំ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យក្មេងប្រុសៗចំនួន ៤នាក់ ដែលមានអាយុចន្លោះរវាងពី ១០ទៅ ១៣ឆ្នាំ ដែលក្នុងនោះមានប្រុសម្នាក់ បានរងរបួសធ្ងន់ និង ៣នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ក្មេងប្រុសទាំង ៤នាក់នោះ មានទីលំនៅ ស្ថិតនៅភូមិក្តីចារ និងភូមិពោធិ៍ នៃឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ នៅក្នុងសេចក្តីរាយការណ៍មិនបានបញ្ជាក់ថា តើក្មេងប្រុសៗទាំង ៤នាក់នោះ បានធ្វើសកម្មភាពឆ្នៃឧបករណ៍បំផ្ទុះអ្វីនោះទេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន ក្រោយមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះមានច្រើនករណី ដែលយ៉ាងហោចបានបណ្តាលឲ្យមនុស្ស ៧នាក់ បានស្លាប់ និងរបួសនោះក្នុងរយៈពេលចុងក្រោយនេះ បានអំពាវ នាវ ៤ចំណុច ដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។
សេចក្តីអំពាវនាវបួនចំណុចរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន,ទី១ «នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស,កុំកាន់, កុំគប់, កុំដំ, កុំកែច្នៃគ្រាប់ទាំងនោះនិងត្រូវរាយ ការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។
ទី២.សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។
ទី៣. សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិ សេសការច្នៃចង់យកទៅបោកក្នុងស្រះឬត្រពាំងសម្លាប់ត្រី ពីព្រោះវាបណ្តាលឱ្យរបួស ឬពិការ ឬស្លាប់ គ្រប់ពេលនិងទី៤.សូមកុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត, ធ្លាក់ខ្លួនពិការដល់ខ្លួនឯង, គ្រួសារ និងអ្នកជិតខាង ។
សេចក្តីអំពាវនាវនោះទៀត ក៏បានធ្វើឡើងបន្ទាប់ពីគ្រោះ ថ្នាក់ដោយសារគ្រាប់បំផ្ទុះ និងសូម្បីតែខេត្តមណ្ឌលគិរី ដែលប្រកាសអស់មីន ក៏មានការរកឃើញគ្រាប់មីនតោនកប់ក្នុងចំការដំឡូងក្នុងភូមិមួយនៅក្រុងសែនមនោរម្យថែមទៀត កាលពីថ្ងៃទី២៣ មេសា។ នៅជាមួយគ្នានោះ នៅក្នុងខេត្តមណ្ឌលគីរីដដែលនោះ គ្រាប់មិនទាន់ផ្ទុះនេះទៀត បានកើតឡើងក្រោយមានហេតុការណ៍មនុស្សមួយគ្រួសារនៃសមាជិក៦នាក់ ក្នុងខេត្តមណ្ឌលគីរី នៅថ្ងៃទី២១ មេសា ត្រូវបានសំណល់គ្រាប់បេសែសិបមួយ បានផ្ទុះនៅក្នុងព្រៃបណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់ និង២នាក់រងរបួស។
នៅក្នុងខេត្តព្រះសីហនុនោះវិញ, បុរសជាកម្មករម្នាក់បានយកគ្រាប់មិនទាន់ផ្ទុះ ១០៥មីលីម៉ែត្រ មកដំបណ្តាលឱ្យផ្ទុះស្លាប់ក្នុងហេតុការណ៍មួយកើតឡើងនៅថ្ងៃទី២១ មេសា ឆ្នាំ២០២៤ នោះជាដើម៕