ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្នុងក្របខណ្ឌអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលជាមរតកនៃការសម្រេចចិត្តដើម្បីបុព្វហេតុជាតិដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដែលបានកំពុងបន្តអនុវត្តយ៉ាងសកម្មក្លៀវក្លាដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
«ព្រែកជីកហ្វូណនតេជោ ត្រូវតែដំណើរការដោយសិទ្ធិអត្តនោម័តរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ស្របច្បាប់អន្តរជាតិ និងជាសមាជិកអង្គការសហប្រជាជាតិ»។
ក្រោមបូរណភាពដែនដីកម្ពុជា យើងមើលឃើញថា គម្រោងដ៏មហិមានេះ មានគោលដៅបម្រើឱ្យវិស័យសេដ្ឋកិច្ចនិងសង្គមសុទ្ធសាធ ជាពិសេសសម្រួលការដឹកជញ្ជូនតាមផ្លូវទឹកក្នុងវិស័យពាណិជ្ជកម្ម ពីកម្ពុជាឆ្ពោះទៅនិងមកពីបណ្ដាប្រទេសនានាលើពិភពលោកតាមរយៈផ្លូវសមុទ្រ។ ដូច្នេះ ការទាញភ្ជាប់ជាអត្តនោម័តរបស់អ្នកនយោបាយក្បត់ជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន ក៏ដូចជាជនបរទេសទាំងឡាយ ដែលថា «ព្រែកជីកហ្វូណាតេជោ» មានការគម្រាមកំហែងដល់អធិបតេយ្យជាតិ និងសន្តិសុខតំបន់ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចរិតចោរម្សៀតគ្មានថ្ងៃកែរបស់ក្រុមជ្រុលនិយម និងជាចេតនាទុច្ចរិតប៉ុនប៉ងរារាំងម្ដងហើយម្ដងទៀតរបស់បរទេសមួយចំនួនដែលមិនចង់ឃើញភាពរុងរឿងក្រោមម្លប់សន្តិភាពរបស់កម្ពុជា។
ក្នុងឋានៈជាក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមបរិច្ចាគប្រាក់ខែចំនួន៣ខែ ប្រសិនរាជរដ្ឋាភិបាលបង្កើតមូលនិធិ។ ទន្ទឹមនេះ ខ្ញុំសូមប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមឱ្យបានសកម្មផុលផុស គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យទៅជា «ចលនាជាតិដ៏រស់រវើក» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្ដីសង្ឃឹមប្រកបដោយការជឿជាក់ក្នុងការប្រែក្លាយកម្ពុជាឱ្យឈានឡើងទៅជា ប្រទេស មាន ប្រាក់ចំណូល ខ្ពស់នៅ ត្រឹម ឆ្នាំ ២០៥០ ៕
ជយោ ចលនាជាតិដើម្បីគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ! អរគុណសន្តិភាព!