សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា អាជ្ញាធរអវកាសនៃប្រទេសចិនបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិកក្រុមថ្មីមួយទៀត ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន។
បេសកកម្ម Shenzhou-18 ដែលផ្ទុកអវកាសយានិក៣នាក់ ត្រូវបានកំណត់ថា នឹងចេញដំណើរនៅម៉ោង៨៖៥៩នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ខែមេសា នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន។ បេសកកម្មនោះ នឹងដឹកនាំដោយលោក Ye Guangfu ដែលជាអ្នកបើកយន្តហោះចម្បាំងនិងជាអវកាសយានិកមួយរូប ដែលកន្លងមកធ្លាប់ស្ថិតក្នុងចំណោមក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-13 កាលពីឆ្នាំ២០២១។
ស្ថានីយអវកាស Tiangong គឺជាសមិទ្ធផលអស្ចារ្យបំផុត នៅក្នុងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង។ ចាប់តាំងពីការសាងសង់រួចមក ស្ថានីយអវកាសនេះ បានទទួលអវកាសយានិកចិនស្នាក់នៅជាប់ជាប្រចាំឥតដាច់ ក្នុងលក្ខណៈផ្លាស់វេនរៀងរាល់៦ខែ ដោយមួយលើកៗ អវកាសយានិក១ក្រុម មានគ្នា៣នាក់។ ក្រុមអវកាសយានិកថ្មីខាងលើ នឹងត្រូវជំនួសក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-17 ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ កាលពីខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រៅពីកសាងស្ថានីយអវកាសផ្ទាល់ខ្លួន ចិនក៏បានទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូតទៅដាក់នៅលើផ្ទៃព្រះចន្ទ និងភពអង្គារ (Mras) ផងដែរ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោកមួយនេះ បានខិតខំវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន ដើម្បីប្រឹងប្រែងដើរឱ្យទាន់ សហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលបានប្រឡូកក្នុងវិស័យនេះរាប់ទសវត្សរ៍មកហើយ។ ទីក្រុងប៉េកាំងមានមហិច្ឆតាបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទះព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងសាងសង់មូលដ្ឋានមួយនៅទីនោះថែមទៀត៕ ដោយ៖ ធីរីណា