ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៩និង១២នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ជនសង្ស័យម្នាក់ឈ្មោះ វិន សុភក្ត្រា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងចំនួន០២នាក់ ១.ឈ្មោះ ងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងទាំង២នាក់បញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៨ ជនរងគ្រោះទាំង០២នាក់ បានចូលហ៊ុនគ្នាបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ ដែលមានទីតាំងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឱ្យឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) ត្រូវជាប្អូនថ្លៃរបស់ពួកខ្លួន ជាអ្នកទទួលប្រាក់ពីអតិថិជន ដែលទិញដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ ហើយខាងក្រុមហ៊ុនបានលក់ដីល្វែងអស់ តែមិនឃើញមានប្រាក់ក្នុងគណនេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនពុះដីឡូតិ៍បានត្រួតពិនិត្យមើលក្នុងគណនេយ្យ ទើបដឹងថា ជនសង្ស័យ បានលួចប្រាក់របស់ក្រុមហ៊ុនអស់សរុបចំនួន១០១,៦៩៣ដុល្លារ (មួយសែន មួយពាន់ ប្រាំមួយរយកៅសិបបី)ដុល្លារ ជនសង្ស័យបានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបានបាញ់ចូលគណនេយ្យរបស់ក្រុមហ៊ុនឡើយ ក្រោយមកខាងក្រុមហ៊ុនដីឡូតិ៍បានហៅជនសង្ស័យ មកទូរទាត់ប្រាក់ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើប្រាស់រកស៊ីផ្ទាល់ខ្លួន និងលេងល្បែងអស់ហើយ។
ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរួច នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញបានធ្វើរបាយការណ៍សុំ បើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ដោយទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ៤៧១ អយ.ក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម ការិយាល័យជំនាញបានបញ្ជូនដីកាទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដើមបណ្តឹងខាងលើបាននាំឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំពាក់ព័ន្ធករណីរឿងហេតុខាងលើហើយធ្វើការឃាត់ខ្លួនតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕