ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាង រថយន្តTOYOTA PRIUS ប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូច រន្ទះបណ្ដាលអោយស្លាប់ស្ត្រីម្នាក់នៅស្រុករមាសហែក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៧នាទីព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ ត្រង់ចំណុចភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ គង់ សារ៉ូត អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្ដាល ១H-៥៣១៩ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើក រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី2008 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2398 មិនត្រូវបានស្គាល់អត្តសញ្ញាណក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្ដាល ១H-៥៣១៩ ដោយធ្វើដំណើរពីទិសខាងលិច ចេញពីផ្ទះកូន ឡើងលើផ្លូវ ក្នុងគំនូសម៉ូតូ ស្រាប់តែមានរថយន្ត ម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី2008 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2398 ធ្វើដំណើរ ពីទិសខាងជើងមកត្បូងប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមក សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិង ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕